ព័ត៌មាន

នៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសឌីជីថលដ៏រីកចម្រើន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ គ្វុកយុង ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេច ដោយផ្ដល់សច្ចាប័នលើយុទ្ធសាស្ត្រជាតិស្តីពីការផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
វៀតណាមខិតខំក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេទាំង ៣០ នៅលើពិភពលោកក្នុងវិស័យរដ្ឋាភិបាលឌីជីថលនៅឆ្នាំ២០៤៥។ រូបថត៖ VNA

គោលដៅនៃយុទ្ធសាស្ត្រនេះគឺ ដល់ឆ្នាំ២០៤៥ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសឌីជីថលដែលមានការអភិវឌ្ឍ វិបុលភាព សុវត្ថិភាព និងមនុស្សសាស្ត្រ។ ការផ្លាស់ប្តូរឌីជីថលត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ស៊ីសង្វាក់គ្នា ស៊ីជម្រៅ និងបរិយាប័ន្ន ដោយក្លាយជាវិធីសាស្ត្រអភិវឌ្ឍន៍ស្នូល និងជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការលើកកំពស់ផលិតភាពការងារ សមត្ថភាពប្រកួតប្រជែងជាតិ និងគុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ប្រជាជននិងអាជីវកម្មនឹងជាស្នូល ជាកម្មវត្ថុ និងជាអ្នកទទួលផលចម្បងនៃដំណើរការផ្លាស់ប្តូរឌីជីថល។ ប្រទេសវៀតណាមនឹងមានប្រព័ន្ធអភិបាលកិច្ចជាតិទំនើបដោយផ្អែកលើទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI); ធ្វើជាម្ចាស់លើបច្ចេកវិទ្យាឌីជីថល វេទិកាឌីជីថល និងផលិតផលឌីជីថលយុទ្ធសាស្ត្រ; ធានាយ៉ាងរឹងមាំនូវអធិបតេយ្យភាពឌីជីថលជាតិ។

យុទ្ធសាស្ត្រនេះ កំណត់គោលដៅចំនួនបីក្រុម រួមមាន៖ ក្រុមគោលដៅអំពីការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ការលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ តាមនោះវៀតណាមនឹងស្ថិតនៅក្នុងចំណោមប្រទេស ឈានមុខគេទាំង ៥០ នៅលើពិភពលោកក្នុងវិស័យរដ្ឋាភិបាលអេឡិចត្រូនិក/រដ្ឋាភិបាលឌីជីថល; ក្រុមគោលដៅអំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងក្រុមគោលដៅអំពីការអភិវឌ្ឍសង្គមឌីជីថល ការបង្រួមគម្លាតឌីជីថល ការលើកកំពស់គុណភាពជីវភាពសម្រាប់ប្រជាពលរដ្ឋ; ផ្តល់អាទិភាពដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបច្ចេកវិទ្យាឌីជីថល "Make in Viet Nam"៕


top