ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-ជប៉ុន ឈាន​ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម (ចាប់ពីថ្ងៃទី ១-៣ ខែឧសភា) នាព្រឹកថ្ងៃទី ២ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង។

ទិដ្ឋភាពទូទៅនៃជំនួប​ពិភាក្សា (រូបថត៖ VNA)

នៅក្នុងជំនួប​នេះ ភាគីទាំងពីរបានឯកភាពលើវិធានការនានា ដើម្បីនាំការវិនិយោគរបស់ជប៉ុននៅវៀតណាម ឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក/ឆ្នាំ និងតម្លៃពាណិជ្ជកម្មទ្វេភាគីឈាន​ដល់ ៦០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០; ជំរុញការបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងស្បែកខៀវរបស់​វៀតណាម និងទំពាំងបាយជូររបស់ជប៉ុន; យល់ព្រមអនុវត្តគម្រោងសហប្រតិបត្តិការ ODA ក្នុងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ ក្នុងជំនួបពិភាក្សា (រូបថត៖ VNA)

រីឯខ្លួន​វិញ លោក​ស្រី​នាយករដ្ឋមន្ត្រី តាកាអ៊ីឈី បានបញ្ជាក់ថា ជប៉ុនតែងតែផ្តោតការយក​ចិត្ត​ទុក​ដាក់ ចំពោះទំនាក់ទំនងជាមួយវៀតណាម ជាប្រទេសដែលកំពុង​បន្តសន្ទុះកំណើនដ៏ខ្លាំងក្លា ក្នុង​នាម​ជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក៏ជាប្រទេសដែល​កំពុង​អនុវត្តន៍គោលនយោបាយការបរទេសស្វ័យភាពយុទ្ធសាស្ត្រ និងការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។ ជប៉ុនមានបំណងចង់ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ដោយរួមគ្នាឆ្ពោះទៅរកការសម្រេចបាន និងធ្វើឱ្យស៊ីជម្រៅថែមទៀត​នូវចក្ខុវិស័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកប​ដោយ​សេរីភាព និងបើកចំហ​។

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និង​គណប្រតិភូវៀតណាម​ (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីទាំងពីររូប​បាន​យល់ព្រម ចាប់ផ្តើមគណៈកម្មាធិការចម្រុះវៀតណាម-ជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ២០២៦​។ ជប៉ុនមាន​បំណងចង់បន្តគាំទ្រវៀតណាមក្នុងកា​លើក​កម្ពស់ស្វ័យ​ភាពបច្ចេកវិទ្យា​ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) សេមីកុងដុកទ័រ និងលំហ​អវកាស; ជំរុញថែម​ទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម កិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្ដូររាង​ប្រជាជននិង​ប្រជាជន​ វប្បធម៌ ទេសចរណ៍ ការអប់រំ និងរៀបចំវេទិកាសហប្រតិបត្តិការមូលដ្ឋានវៀតណាម-ជប៉ុនលើកទី ២ នៅឆ្នាំ ២០២៦៕​


top