ព័ត៌មាន

នាំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាម-អាមេរិក កាន់តែស៊ីជម្រៅនិងជាក់ស្តែង

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Cao Anh Tuan បានអញ្ជើញជួបធ្វើការជាមួយលោក Robert Kaproth ជំនួយការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុអន្តរជាតិ នៅទីស្នាក់ការកណ្តាលនៃក្រសួងរតនាគារសហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Cao Anh Tuan។ (រូបថត៖ VNA)

លោកអនុរដ្ឋមន្ត្រី Cao Anh Tuan បានសង្កត់ធ្ងន់ថា វៀតណាមនិងអាមេរិកមានភាពស្រដៀងគ្នាជាច្រើនក្នុងផលប្រយោជន៍យុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ក៏ដូចជាមានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមក។ តាមនោះ វៀតណាមមានតម្រូវការយ៉ាងធំ លើផលិតផលបច្ចេកវិទ្យាខ្ពស់ ថាមពល ឧបករណ៍អាកាសចរណ៍ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ ទំនិញប្រើប្រាស់ដែលផលិតនៅវៀតណាមក្នុងតម្លៃសមរម្យកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់អាមេរិក។ ដូច្នេះ ភាពជាដៃគូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងវៀតណាមនិងសហរដ្ឋអាមេរិកចាំបាច់ត្រូវលើកកំពស់មួយកម្រិតថ្មីទៀត មិនត្រឹមតែជាលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃភាពជឿជាក់   និងវិបុលភាពរួមផងដែរ។ លោកអនុរដ្ឋមន្ត្រី Cao Anh Tuan ក៏បានស្នើឱ្យក្រសួងរតនាគារអាមេរិក ពិចារណាលើការឡើងសំឡេងដើម្បីវៀតណាមអាចទាក់ទងផ្ទាល់លើការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់; ជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាក្នុងការលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ពីភាគីអាមេរិក លោក Robert Kaproth បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងបរិបទបច្ចុប្បន្ន ហើយអះអាងថា ក្រសួងរតនាគារអាមេរិកមានបំណងផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាដែលមានស្រាប់ក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយវៀតណាម។ ទន្ទឹមនឹងនោះ ឧបការីរដ្ឋមន្ត្រី Robert Kaproth ក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការកើនឡើងនៃឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ។

នៅចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នេះគឺជាពេលវេលាដ៏សមស្រប ដើម្បីជំរុញសកម្មភាពនានា សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី រវាងវៀតណាមនិងសហរដ្ឋអាមេរិកឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង៕


top