ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សារព័ត៌មានបានរួមចំណែកបង្កើតឡើងជ័យជំនះក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19

នារសៀលថ្ងៃទី១៦ មិថុនា នៅរដ្ឋធានីហាណូយ អញ្ជើញថ្លែងនៅកិច្ចប្រជុំបូកសរុបការងារឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សារព័ត៌មានក្នុងស្រុកបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងជ័យជំនះក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)


រហូតមកដល់ពេលនេះ វៀតណាមមានអត្រាករណីឆ្លងជំងឺ Covid-19 លើចំនួនប្រជាជនសរុបដ៏ទាបបំផុតលើពិភពលោក ហើយសំខាន់បំផុតនោះគឺមិនមានករណីស្លាប់ណាមួយឡើយ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះរណសិរ្សមាតុភូមិវៀតណាមដោយបានចលនាឲ្យប្រជាជនអនុវត្តយ៉ាងល្អនូវបទបញ្ញត្តិស្ដីពីការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាចលនាឲ្យបណ្ដាអង្គការនិងបុគ្គលនានា រួមវិភាគទានទឹកប្រាក់ឡើងដល់ទៅ២០០០ពាន់លានដុង ដើម្បីទ្រទ្រង់ថវិការដ្ឋក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងផងដែរ។ សង្កត់ធ្ងន់ទៅលើការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំងពីរនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖

“ត្រូវការអនុវត្តឲ្យបានល្អថែមទៀតនូវការងារព័ត៌មានស្ដីពីគោលដៅដើរទន្ទឹមគ្នាទាំង២នោះ។ សារព័ត៌មានត្រូវការរួមចំណែកទៅក្នុងការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដោះស្រាយការលំបាក ការជំពាក់ជំពិននានា ហើយឆ្លុះបញ្ចាំងនូវមតិ យោបល់របស់ប្រជាជននិងសហគមន៍ធុរជន។ ទន្ទឹមនេះ គឺរួមចំណែកជំរុញតម្រូវការនៅទីផ្សារក្នុងស្រុកតាមគោលជំហររបស់ការិយាល័យនយោបាយផងដែរ”។

នៅកិច្ចប្រជុំនេះដែរ លោកនាយករដ្ឋមន្រ្តីបានសម្រេចប្រគល់រង្វាក់ក្នុងតម្លៃ១ពាន់លានដុងជូនចំពោះកាសែតទាំងអស់ដែលបានចូលរួមអនុវត្តភារកិច្ចសារព័ត៌មានស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top