តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះ Bali ប្រទេសឥណ្ឌូនេស៊ី។

ថ្នាក់ដឹកនាំអាស៊ាន អ.ស.ប IMF និង WB ថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)
អញ្ជើញថ្លែងនៅក្នុងជំនួបប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ភាពជោគជ័យនៃកិច្ចប្រជុំ WEF – ASEAN ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅវៀតណាមនាពេលកន្លងទៅបានសរឲ្យឃើញថា អាស៊ានមានឧត្តមភាពជាច្រើនបានត្រៀមខ្លួនជាស្រេចទទួលនិងឆ្លៀតយកស្នាដៃនានានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។
“ខ្ញុំស្នើឲ្យអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកសហប្រតិបតិ្តការជាមួយអាស៊ាននិងវៀតណាម ដើម្បីជំរុញការអនុវត្តលទ្ធផលនានាដែលបានសម្រេចរួចនៅកិច្ចប្រជុំ WEF ASEAN នាពេលកន្លងមកពិសេសគឺចំពោះយន្តការសម្របសម្រួលបរិយាកាសធ្វើអាជីវកម្ម ក្របខ័ណ្ឌតភ្ជាប់ថ្នាលបណ្ដុះធនធានជាតិនិងតភ្ជាប់បណ្ដាញអប់រំ និងកសាងប្រព័ន្ធសិក្សារៀនសូត្រអស់មួយជីវិតនៅប្រទេសអាស៊ានទាំងអស់”។
ចំពោះវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា រដ្ឋាភិបាលវៀតណាមកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការកសាងរដ្ឋាភិបាលដែលស្ថាបនា អភិវឌ្ឍន៍ ស្មោះត្រង់ ធ្វើសកម្មភាព បម្រើប្រជាជននិងសហគ្រាស។ វៀតណាមក៏កំពុងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការអនុវត្តផែនការស្ដីពីសហគមន៍អាស៊ាន ឆ្នាំ២០២៥ ផងដែរ។
“ខ្ញុំស្នើឲ្យយើងទាំងអស់គ្នាសហការអនុវត្តន៍អនុសាសន៍នានា ពិសេសគឺក្រុមវិស័យអាទិភាពទាំង ៥ នៅក្នុង “របាយការណ៍ឧបត្ថម្ភគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០ របស់អ.ស.បស្ដីពីការអភិវឌ្ឍដោយចីរភាព” ដែលរួមមានការលើកស្ទួយសមត្ថភាពខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មនិងប្រើប្រាស់ដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព ផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម