យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែដើម្បីឲ្យភាគីទាំងពីរបានក្រឡេកមើលឡើងវិញនូវដំណើរនាពេលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងរួមគ្នាស្វែងរក និងបង្កើតរបៀបវារៈសម្រាប់អនាគតផងដែរ។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami។ (រូបថត៖ VOV)
នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងលោកជំទាវបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៧ដល់ទី២៩សីហា។
យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែដើម្បីឲ្យភាគីទាំងពីរបានក្រឡេកមើលឡើងវិញនូវដំណើរនាពេលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងរួមគ្នាស្វែងរក និងបង្កើតរបៀបវារៈសម្រាប់អនាគតផងដែរ។ នៅទីនោះ ភាគីទាំងពីរនឹងរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួម ក្នុងនោះអាចនិយាយដល់វិស័យផ្លាស់ប្តូរឌីជីថល ឬការប្រែប្រួលអាកាសធាតុ ដែលប្រទេសទាំងពីរអាចសហការ និងគាំទ្រគ្នាទៅវិញទៅមក។
ចំណុចស្នូលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong គឺដើម្បីជំរុញការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល និងបៃតង ដែលភាគីទាំងពីរសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសិង្ហបុរីក្នុងខែកុម្ភៈឆ្នាំនេះ។ អំពីបញ្ហានេះ មានវិស័យចំនួន ៣ ដែលប្រទេសទាំងពីរអាចផ្ដោតសំខាន់លើការអភិវឌ្ឍនោះគឺ៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami បានសម្តែងក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងមានសេចក្តីប្រកាសមួយចំនួនអំពីវិស័យថ្មីៗ ដែលសិង្ហបុរី និងវៀតណាមនឹងសហប្រតិបត្តិការគ្នានាពេលខាងមុខ៕