ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ២៥ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ Kremlin.ru)
ក្នុងជំនួបនេះ លោកប្រធានាធិបតី ពូទីន និងលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឯកភាពខ្ពស់លើការបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ លើក្របខ័ណ្ឌទាំងអស់៖ បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា មូលដ្ឋាន សហគ្រាស និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន; រក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ព្រមទាំងស្រាវជ្រាវ និងបង្កើតយន្តការសហប្រតិបត្តិការថ្មីៗផងដែរ។
ភាគីទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្ម និងវិនិយោគ; ជំរុញការតភ្ជាប់អាជីវកម្ម ការធ្វើពិពិធកម្មទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរបានកំណត់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងឧស្ម័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យស្នូលដែលស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាគីទាំងពីរគាំទ្រសហគ្រាសថាមពលនិងប្រេងឧស្ម័ននៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកការវិនិយោគ និងប្រតិបត្តិការនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាយោធា សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា; ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក៏បានចែករំលែកទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម; ឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីដូចជា អង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕