ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុននៅព្រឹកថ្ងៃទី ១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានជួបពិភាក្សាការងារ (រូបថត៖ VGP/Nhat Bac)  

នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាព លេចធ្លោក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅប្រទេសជប៉ុនក្នុងខែវិច្ឆិកា ឆ្នាំ ២០២១; ឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ហើយយល់ស្របគ្នា និងអនុវត្តន៍កម្មវិធីកម្ចី ODA ជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាព ដោយមានភាពអនុគ្រោះ ភាពបត់បែន ក្នុងរយៈពេលវែងសម្រាប់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សុខភាពឲ្យបានឆាប់ៗ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ថាមពល និងបរិស្ថាន។ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្ទេរប្រគល់បច្ចេកវិទ្យាសម្រាប់វៀតណាម ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងតំបន់។ ជួយឧបត្ថម្ភវៀតណាមក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ អនុវត្តន៍ការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ ២០៥០ ។ បន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ; ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្រោយជំងឺកូវីដ-១៩; ឯកភាពជំរុញការផ្លាស់ប្តូរវប្បធម៌ ប្រជាជន និងទេសចរណ៍ ឯកភាពសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ឲ្យសមស្របនឹងកម្រិតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដោយយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ដូចជាអាស៊ាន មេគង្គ អង្គការសហប្រជាជាតិ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរជំហរលើបញ្ហាអ៊ុយក្រែនផងដែរ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី រួមទាំងការគោរពដំណើរការការទូត និងគតិយុត្តិដោយមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តន៍ពេញលេញ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចរួចរាល់ ក្រមប្រតិបត្តិដ៏សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ ស្របតាមច្បាប់អន្តរជាតិ ហើយមានប្រសិទ្ធភាពគតិយុត្តិ។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីលោក Kishida Fumio បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ២២ រវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមដោយប្រកាសលទ្ធផលដ៏សំខាន់នៃជំនួបពិភាក្សាការងារ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីទាំងពីរបានចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីឧស្សាហកម្ម និងការផ្លាស់ប្តូរឌីជីថលរវាងវៀតណាមនិងជប៉ុនផងដែរ៕


top