ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ាន

លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់លើការការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺជាផលប្រយោជន៍ផង និងជាការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ទៀតផង។

បន្តកម្មវិធីការងារនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ ដែលប្រព្រឹត្តទៅនៅទីរួមស្រុក Labuan Bajo ឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសនានាបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពគ្នា លើកកំពស់ស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ជំរុញយ៉ាងខ្លាំងក្លាមជ្ឈភាព រក្សាយ៉ាងរឹងមាំតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងជាមួយដៃគូ បង្កើត និង ជំរុញវប្បធម៌សន្ទនា កិច្ចសហប្រតិបត្តិការពិគ្រោះយោបល់ និងការកសាងទំនុកចិត្ត។ អាស៊ានចាំបាច់ត្រូវរក្សាយ៉ាងរឹងមាំគោលជំហរជាគោលការណ៍លើបញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងបរិយាកាសសន្តិសុខ អភិវឌ្ឍន៍ ដែលបានចែងក្នុងឯកសារសំខាន់ៗដូចជាធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឯកសារទស្សនវិស័យអាស៊ានស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក (AOIP)។ ជាពិសេសគឺគោរពច្បាប់អន្តរជាតិ។

ដោយអះអាងសារជាថ្មីម្ដងទៀតអំពីគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់លើការការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺជាផលប្រយោជន៍ផង និងជាការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ទៀតផង។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាស៊ានចាំបាច់ត្រូវប្រកាន់ខ្ពស់ជាមួយគោលដៅជួយឧត្ថម្ភដល់មីយ៉ាន់ម៉ាអនុវត្តន៍ឱ្យបានពេញលេញនូវ "កិច្ចព្រមព្រៀង ៥ ចំណុច" ដើម្បីប្រជាជនមីយ៉ាន់ម៉ា; គាំទ្រប្រទេសប្រធានឥណ្ឌូនេស៊ី និងបេសកជនពិសេសពង្រីកតួនាទីឈានមុខ ដឹកនាំអាស៊ានអនុវត្តន៍គោលដៅពោលខាងលើ។ អាស៊ានចាំបាច់ត្រូវរក្សាប្រតិបត្តិការសត្យានុម័ត តុល្យភាព និងមានការទទួលខុសត្រូវក្នុងបញ្ហារុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលជាមួយដៃគូ កាត់បន្ថយផលប៉ះពាល់នៃជម្លោះជាមួយតំបន់ និងរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

កិច្ចប្រជុំនាព្រឹកថ្ងៃទី ១១ ឧសភា បានបិទបញ្ចប់របៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ បន្ទាប់កិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពីទីរួមស្រុក Labuan Bajo អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីប្រកបដោយជោគជ័យផងដែរ៕


top