នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha
នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រោយពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមនៅថៃ ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីទាំងពីររូបបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចចរចា។ នៅទីនេះ ភាគីទាំងពីរបានអះអាងនូវកិច្ចខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលឲ្យបាន ២០ ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២០ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញការ វិនិយោគពាណិជ្ជកម្មនៅតំបន់។ នាយករដ្ឋមន្ត្រីទាំងពីរ រូបបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ - សន្តិសុខគឺជាសសរទ្រូងមួយនៃទំនាក់ទំនងគូយុទ្ធសាស្ត្រវៀតណាម - ថៃ។
ស្ដីពីការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ភាគីទាំងពីរ បានឯកភាពជំរុញខ្លាំងការតភ្ជាប់ការដឹកជញ្ជូនពហុបែប ដែលរួមមានផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសរវាងប្រទេសទាំងពីរ។ បើកជើងហោះហើរថ្មីតភ្ជាប់វៀតណាម និងថៃ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពក្នុងការដាក់ចេញនូវវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ពលកម្ម ពាណិជ្ជកម្មកសិកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការជួបប្រាស្រ័យ រវាងប្រជាជន។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាយ៉ាងទូលំទូលាយស្ដីពីបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗទៀត សំដៅពង្រឹងសាមគ្គីភាព រក្សារយ៉ាងរឹងមាំគោលជំហរ ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ភាគីទាំងពីរបានអះអាងឡើងវិញនូវសារសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូប បានអញ្ជើញជាកសិណសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើន ក្នុងនោះមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត បណ្ដាអនុស្សរណៈរវាងបណ្ដាក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យា ព័ត៌មាន ធនាគារ និងបណ្ដាអនុស្សរណៈផ្សេងៗទៀត រវាងបណ្ដាមូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។
នាយប់ថ្ងៃដដែល លោក Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីជប់លៀងដ៏មហោឡារឹក ដែលរៀបចំដោយលោកនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម