លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសប្រេស៊ីល។ (រូបថត៖ VNA)
ដោយមានសកម្មភាពជាបន្តបន្ទាប់ជិត ៤០ ក្នុងរយៈពេល ៣ ថ្ងៃ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានបន្សល់ទុកនូវការចាប់អារម្មណ៍ និងបានរួមចំណែកយ៉ាងសំខាន់ចំពោះ ជោគជ័យរួមនៃកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំ និងតំណាង ប្រទេសសមាជិក ប្រទេសដៃគូ និង ប្រទេសភ្ញៀវរបស់ BRICS បានពិភាក្សាយ៉ាងទូលំទូលាយនិងជាក់ស្ដែងអំពីការពង្រឹង ពហុភាគីនិយម បញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបញ្ញាសិប្បនិម្មិត; បរិស្ថាន COP៣០ និងសុខាភិបាលសកល។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានឲ្យដឹងថា ក្នុងសម័យប្រជុំនានា នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងសារដ៏ខ្លាំងក្លាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជាការអះអាងនូវតួនាទីរបស់ប្រទេសកំពុង អភិវឌ្ឍន៍ក្នុងប្រព័ន្ធអភិបាលកិច្ចសកល។ ទន្ទឹមនឹងនោះ លោកបានលើកសំណើ សំខាន់ៗ និងជាក់ស្តែងជាច្រើន ដែលសមស្របនឹងការយកចិត្តទុកដាក់និងផល ប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានការថែទាំសុខភាព ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកំពស់ភាពធន់នឹងជំងឺរាតត្បាត ក៏ដូចជាលើកសំណើស្របតាមក្ដីកង្វល់ជាសកល ដូចជាការកែទម្រង់ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ; ជំរុញទំនាក់ទំនងសេដ្ឋកិច្ចខាងត្បូង - ខាងត្បូង; ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាធានាឱ្យ មានសមភាពក្នុងការទទួលបានធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសុខាភិបាលសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួប សន្ទនាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃប្រទេសនានា ក៏ដូចជាដៃគូ និងសហគ្រាសជាច្រើន.. គួរកត់សម្គាល់ថា នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សា ការងារយ៉ាងទូលំទូលាយជាមួយប្រធានាធិបតីប្រេស៊ីលលោក Lula da Silva។ ក្នុងឱកាសនេះដែរ ប្រេស៊ីលបាននាំចេញឡូសាច់គោដំបូងមកវៀតណាម ហើយវៀត ណាមបាននាំចេញឡូត្រីត្រាបាសា និងត្រីទីឡាទៅកាន់ប្រេស៊ីល រួមចំណែកលើក កំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នាំមកនូវផល ប្រយោជន៍ជាក់ស្តែងជូនប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ៕