ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីសរសើរក្រុមការងារដែលទៅជួយវេណេស៊ុយអេឡាជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដី

លោកនាយករដ្ឋមន្ត្រីបានលើកសរសើរក្រុមការងារ ដោយបញ្ជាក់ថា វៀតណាមសព្វថ្ងៃនេះ ជាមួយនឹងឋានៈនិងសមត្ថភាពថ្មី ជានិច្ចកាលមានភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការរួមចំណែកដល់បញ្ហារួមរបស់មនុស្សជាតិ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីសរសើរក្រុមការងារដែលទៅជួយវេណេស៊ុយអេឡាជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដី។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមក្នុងពិធីសរសើរនិងផ្តល់រង្វាន់ដល់ក្រុមការងារនៃកងទ័ពប្រជាជន និងនគរបាលប្រជាជនវៀតណាម ដែលបានចូលរួមក្នុងការងារជួយសង្គ្រោះនៅវេណេស៊ុយអេឡាបន្ទាប់ពីគ្រោះរញ្ជួយដី ហើយបានបញ្ចប់ភារកិច្ចដើម្បីវិលត្រឡប់មកប្រទេសវិញ។

លោកនាយករដ្ឋមន្ត្រីបានលើកសរសើរក្រុមការងារ ដោយបញ្ជាក់ថា វៀតណាមសព្វថ្ងៃនេះ ជាមួយនឹងឋានៈនិងសមត្ថភាពថ្មី ជានិច្ចកាលមានភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការរួមចំណែកដល់បញ្ហារួមរបស់មនុស្សជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយបានកន្លងផុតទៅហើយ ប៉ុន្តែសញ្ញាសម្គាល់របស់កម្លាំងជួយសង្គ្រោះវៀតណាមដ៏ក្លាហាន វិជ្ជាជីវៈ និងមានចិត្តមេត្តាករុណា នឹងនៅតែដក់ជាប់ជារៀងរហូតនៅក្នុងបេះដូងរបស់ប្រជាជនវេណេស៊ុយអេឡា និងមិត្តភក្តិអន្តរជាតិ ដែលជាសក្ខីភាពនៃប្រទេសវៀតណាមដែលមានភាពខ្លួនទីពឹងខ្លួន ឫទ្ធានុភាព និងការទទួលខុសត្រូវចំពោះសហគមន៍។

លោកនាយករដ្ឋមន្រ្តី អញ្ជើញថ្លែងនៅពិធី។ រូបថត៖ VN

«កម្លាំងរបស់ប្រទេសជាតិមួយ មិនត្រឹមតែត្រូវបានវាស់វែងដោយទំហំសេដ្ឋកិច្ច សមត្ថភាពការពារជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងដោយសមត្ថភាពក្នុងការចែករំលែកការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិទៀតផង។ យើងត្រូវកសាងប្រទេសវៀតណាមមួយដែលខ្លួនទីពឹងខ្លួន ប៉ុន្តែមានចិត្តមេត្តាករុណា មានឫទ្ធានុភាពប៉ុន្តែស្និទ្ធស្នាល រីកចម្រើនប៉ុន្តែមានទំនួលខុសត្រូវ ហើយធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ប៉ុន្តែរក្សាបាននូវអត្តសញ្ញាណជាតិ។ ខ្ញុំជឿជាក់ថា សមមិត្តទាំងអស់នឹងបន្តរក្សាលក្ខណៈសម្បត្តិដ៏ថ្លៃថ្នូ ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ លះបង់ដោយអស់ពីចិត្តដើម្បីប្រជាជន ទទួលខុសត្រូវចំពោះមិត្តភក្តិអន្តរជាតិ មានវិជ្ជាជីវៈក្នុងសកម្មភាព មានការប្រព្រឹត្តយ៉ាងមនុស្សសាស្ត្រ មានវិន័យក្នុងការរៀបចំ ព្រមទាំងមានអង់អាចក្លាហានក្នុងគ្រប់កាលៈទេសៈទាំងអស់ផងដែរ»។

ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអន្តរជាតិក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ត្រូវកំណត់ការងារឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជាផ្នែកមួយនៃសមត្ថភាពជាតិ ដោយជួយកសាងទំនុកចិត្ត និងជំរុញទំនាក់ទំនងការបរទេស៕


top