ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ បន្តជំរុញការសន្ទនា បង្កើនការចែករំលែក រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ

នាយប់ថ្ងៃទី ២៧ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ១៦ រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូនានារួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងអគ្គលេខាធិការអាស៊ាន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកម្រិតខ្ពស់អាស៊ីបូព៌ាគប្បីបន្តពង្រីកតួនាទី និងតម្លៃយុទ្ធសាស្ត្រ ជំរុញការប្រព្រឹត្តប្រកបដោយតម្លាភាព ការសន្ទនាដោយស្មោះត្រង់ បង្កើតទំនុកទុកចិត្ត ជួយសម្រុះសម្រួលភាពខុសគ្នា បង្កើនការចែករំលែកការទទួលខុសត្រូវ ដោយរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍នៅតំបន់ និងនៅលើពិភពលោក។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាប្រទេសចាំបាច់ត្រូវរួមដៃគ្នាគ្រប់គ្រងការផ្លាស់ប្តូរឲ្យសមស្រប ប្រកបដោយប្រសិទ្ធភាព លើកត្រដែតកិច្ចសហប្រតិបត្តិការពហុភាគី សម្របសម្រួលសកម្មភាព ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមដែលកំពុងលេចឡើង ទប់ស្កាត់គ្រោះអាសន្នអស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ ការស្តារឡើងវិញប្រកបដោយចីរភាព ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច សង្គមក្រោយជំងឺរាតត្បាត។

ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្ដារសេដ្ឋកិច្ច ដោយប្រជាជន និងសហគ្រាសជាមជ្ឈភាពនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាស៊ាន និងបណ្ដាដៃគូសម្របសម្រួលគ្នាបង្កើនឱកាសទាក់ទង និងពង្រីកទីផ្សារបស់គ្នាទៅវិញទៅមក នាំចេញ និងផ្ទេរប្រគល់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបៃតង បណ្ដុះបណ្ដាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ព្រមទាំងជំរុញការស្ដារឡើងវិញដោយព្រមៗគ្នាជាដើម។

ទិដ្ឋភាពនៃកិច្ចប្រជុំ


លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ធានាសន្តិសុខ សុវត្តិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួម ដោយតម្រូវឲ្យរួមដៃគ្នារបស់ប្រទេសទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការចរចាដើម្បីកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ហើយសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top