ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ តាមម៉ោងក្នុងស្រុក នៅទីក្រុង វ៉ាស៊ីនតោនសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ប្រភព៖ VGP/Nhat Bac)  

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរសហរដ្ឋអាមេរិកចំពោះការឆ្លើយតបទាន់ពេលវេលា ចំពោះជំងឺរាតត្បាតកូវីដ-១៩ ហើយនាំជីវភាពរស់នៅវិលត្រឡប់មកគន្លងប្រក្រតីភាពថ្មីប្រកបដោយជោគជ័យជាមួយសក្ខីភាពដ៏រស់រវើកគឺការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហរដ្ឋអាមេរិកបន្តជំរុញសកម្មភាពសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមលើវិស័យជាក់លាក់ដូចជាការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសកលដូចជា ការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការបម្រែបម្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងការបាក់ស្រុតដីនៅតំបន់ដីសណ្ដទន្លេ Cuu Long ធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពជាដើម។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានអះអាងសារជាថ្មីម្ដងទៀតថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមយ៉ាងខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព ហើយយល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម។ ទាក់ទងនឹងបញ្ហាអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕


top