ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ និងថ្នាក់ដឹកនាំអាស៊ានមួយចំនួន

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh (រូបថត៖ VGP/Nhat Bac)  

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយអំពីការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពមហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ ក្នុងត្រីមាសទីមួយឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤០៣,៦ លានដុល្លារអាមេរិក កើន ១៩,២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខ ការអប់រំ និងបណ្តុះបណ្តាល និងការដឹកជញ្ជូន និងថាមពលជាដើមបន្តត្រូវបានលើកកម្ពស់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្ដាកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ; ជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ; សម្របសម្រួលគ្នាអនុវត្តន៍សកម្មភាពនានាក្នុងក្របខ័ណ្ឌ “ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម - ឡាវ   ឡាវ -វៀតណាម ឆ្នាំ ២០២២” អបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ឆ្នាំ ១៩៦២) និងលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្កដា ឆ្នាំ១៩៧៧)។

នាថ្ងៃដដែល នៅខាងក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏មានជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Dato' Sri Ismail Sabri Bin Yaakob និងនាយករដ្ឋមន្ត្រីថៃលោក Prayuth Chano-cha ដើម្បីជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗជាមួយប្រទេសនីមួយៗ ក៏ដូចជាការផ្លាស់ប្តូរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕


top