នាយប់ថ្ងៃទី ២៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្ត Soc Trang ឡើងវិញ(មេសា ១៩៩២ - មេសា ២០២២) ពិធីទទួលគ្រឿងឥស្សរិយយសហូជីមិញ និងសេចក្ដីសម្រេចទទួលស្គាល់ទីក្រុង Soc Trang ជាប់ស្តង់ដារជានគរថ្នាក់ទី ២ ចំណុះខេត្ត Soc Trang ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលខេត្ត Soc Trang សម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំ នៃដំណើរការកសាង និងអភិវឌ្ឍន៍ រួមវិភាគទានជាក់ស្ដែងទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត Soc Trang បន្តពង្រីកស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ទាញយកសក្តានុពលនិងគុណសម្បត្តិរបស់តំបន់ ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើគ្រប់ជ្រុងជ្រោយ។
ពិធីទទួលគ្រឿងឥស្សរិយយសហូជីមិញ
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យជនជាតិ Huynh Cuong នៅទីក្រុង Soc Trang។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះសាកសួរសុខទុក្ខអ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យជនជាតិ Huynh Cuong នៅទីក្រុង Soc Trang
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Soc Trang និងថ្នាក់ដឹកនាំសាលាបន្តយកចិត្តទុកដាក់ដល់បុព្វហេតុអប់រំ ហើយវិនិយោគថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធសង្គម អប់រំ សុខាភិបាល និងបង្កលក្ខណៈងាយស្រួលបំផុតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះ ក៏ដូចជាជួយសិស្សានុសិស្សគ្រប់រូបពង្រីកសមត្ថភាព និងសក្ដានុពលពេញលេញរបស់ខ្លួនផងដែរ។
នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចុះពិនិត្យជាក់ស្ដែងតំបន់កំពង់ផែ Tran De; ចុះពិនិត្យការដ្ឋាន សាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម Long Phu ១ នៅឃុំ Long Duc ស្រុក Long Phu ខេត្ត Soc Trang ផងដែរ៕