ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាល្ងាចថ្ងៃទី១ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម (១ - ៣ ឧសភា) តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ​ឡេ មិញហ៊ឹង។

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។ រូបថត៖ VNA

អញ្ជើញ​ទៅទទួលស្វាគមន៍​គណៈប្រតិភូជប៉ុន​នៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ រួមមាន៖ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក ដាំង សួនហ្វុង; អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញវូ ; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក ហ្វាម ក្វាងហៀវ រួមជាមួយមន្ត្រី មកពីក្រសួងការបរទេស និងខុទ្ទកាល័យរដ្ឋាភិបាល។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi មកកាន់វៀតណាម គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹង​ទំនុកចិ​ត្តនយោបាយ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ និងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព​។ តាមកម្មវិធី ដំណើរទស្សនកិច្ចលើក​នេះ ផ្តោតលើវិស័យដែលសម​ស្របនឹងអាទិភាព និងចំណុចខ្លាំង​បំពេញបន្ថែមគ្នាទៅវិញទៅមក ទាំងវៀតណាម និងជប៉ុន ដូចជា៖ សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ សន្តិសុខថាមពល សន្តិសុខស្បៀង កិច្ចសហប្រតិបត្តិការផលិតឧបករណ៍អេឡិចត្រូនិក បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ការផ្លាស់ប្ដូរវប្បធម៌ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជាការសម្របសម្រួលកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា។

ពិធីស្វាគមន៍​គណៈប្រតិភូជប៉ុន​នៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ ទីក្រុង​ហាណូយ​។ រូបថត៖ VNA

ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម លោក Ito Naoki បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរ ពង្រឹងការសម្របសម្រួលគ្នា​ក្នុងទំនាក់ទំនងទ្វេភាគីដោយផ្អែកលើក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងបញ្ហាតំបន់និងអន្តរជាតិ។ កិច្ចពិភាក្សាកម្រិតខ្ពស់ជាច្រើននឹងត្រូវធ្វើឡើងសម្រាប់ភាគីទាំងពីរដើម្បីផ្លាស់ប្ដូរទស្សនៈលើប្រធានបទ ដូចជា ថាមពល សន្តិសុខសេដ្ឋកិច្ច ដីកម្រ ការផ្លាស់ប្ដូរប្រជាជន និងកិច្ចសហប្រតិបត្តិការសិក្សារវាងប្រទេសទាំងពីរ៕


top