ចំណុចសំខាន់ៗ

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចែករំលែកយុទ្ធសាស្ត្រកំណត់ទីតាំងរបស់វៀតណាមនៅ​ក្នុងអនាគតសកល

 វៀតណាមកំណត់ថា ស្ថិរភាពនយោបាយ សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ; ការកែលម្អស្ថាប័ន​ជារបក់គំហើញ; បច្ចេកវិទ្យាជាកម្លាំងចលករ ហើយសហគ្រាសជាស្នូល; ធនធានមនុស្សគុណភាពខ្ពស់គឺជាលក្ខខណ្ឌចាំបាច់ ហើយ​កិច្ចការបរទេសបើកចំហ ជួយបង្កើតបរិយាកាសនិងធនធានសម្រាប់​ការអភិវឌ្ឍ​។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ពិភាក្សា ជាមួយលោក Stephan Mergenthaler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ រូបថត៖ VNA

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ក្នុងកិច្ចសន្ទនាក្រោមប្រធានបទ «កំណត់ទីតាំងរបស់វៀតណាមក្នុងអនាគតសកល» ជាផ្នែកមួយនៃសម័យប្រជុំពេញអង្គកម្រិតខ្ពស់ នៃវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ។​

លោក​នាយករដ្ឋមន្ត្រីបានឱ្យដឹងថា វៀតណាមទើប​បានរៀបចំផែនការ និងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដោយប្តេជ្ញានាំប្រទេសជាតិចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ រូបថត៖ VNA

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថា ដោយប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសកលនាបច្ចុប្បន្ន វៀតណាមបានម្ចាស់ការកំណត់ និងប្រឈមមុខនឹងបញ្ហាសាកល្បង ហើយបានរៀបចំគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដោយប្តេជ្ញា​នាំវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី​។

«យើងកំណត់ថា ស្វ័យភាពមិនមានន័យថា ការបិទជិតនោះទេ ប៉ុន្តែស្វ័យភាពគឺជាការលើកកម្ពស់សមត្ថភាព​ស្វ័យ​សម្រេច ពង្រីកបរិយាកាសអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ​ប្រកបដោយភាពម្ចាស់ការ ស៊ីជម្រៅ និងប្រសិទ្ធភាព​។ វៀតណាមនឹងបន្តធ្វើពិពិធកម្មទីផ្សារ ដៃគូ ដើមទុន បច្ចេកវិទ្យា ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមមានស្រាប់ និងពង្រឹងទំនាក់ទំនង​ប្រកបដោយតុល្យភាព ស្ថិរភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយដៃគូនានា ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី​។ ទំនាក់ទំនងការបរទេសបើកចំហ នឹងជួយ ឱ្យវៀតណាម​បែងចែកហានិភ័យ បន្តទាញយកធនធានពីខាងក្រៅ រក្សាបណ្តាញសហប្រតិបត្តិការ​នៅពេលដែលស្ថានភាពអន្តរជាតិមានការប្រែប្រួល តាមនោះ បង្កើនភាពធន់ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ»។

គណៈប្រតិភូចូលរួម​វេទិកា​។ រូបថត៖ VNA

​ដោយចែករំលែកអំពី​ចក្ខុវិស័យសម្រាប់អនាគត លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថាំ វៀតណាមមានបំណងចង់​កំណត់តួនាទីរបស់ខ្លួន​ជាបណ្ដើរៗ នៅក្នុង​រចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកថ្មី និងនិន្នាការអភិវឌ្ឍន៍​នាបច្ចុប្បន្ន៕​


top