ព័ត៌មាន

នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ទី៤១ ជាមួយដៃគូឥណ្ឌា និងជប៉ុន

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Pham Minh Chinh បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដែលបានរៀបនៅសណ្ឋាគារ សុខាភ្នំពេញ។
  ប្រធាន​គណៈ​ប្រតិភូ​អាស៊ាន​​ និងលោក​អនុ​​ប្រធានាធិបតី​ឥណ្ឌា​ Jagdeep Dhankhar ថតរូប​អនុស្សាវរីយ៍​​។ រូបថត៖ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុង​ឱកាសកិច្ចប្រជុំនេះ លោក​ JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា។ ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

នៅ​រសៀលថ្ងៃដដែរ ថ្ងៃទី១២ ខែវិច្ឆិកា ២០២២នេះ លោក Pham Minh Chinh បានអញ្ជើញ​ចូលរួមក្នុង​ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅសណ្ឋាគារសុខាភ្នំពេញ។

  ប្រធាន​គណៈ​ប្រតិភូ​អាស៊ាន​ និងលោក​នាយករដ្ឋមន្រ្តីជប៉ុន​​​ Kishida Fumio ថតរូប​អនុស្សាវរីយ៍​​។ រូបថត៖ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន២រូបគឺ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និង លោក​ គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូពាណិជ្ជកម្មលំដាប់ទី៣ ​របស់​អាស៊ានផងដែរ៕


top