ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួប។ រូបថត៖ Lai Hoa/VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានជូនពរដល់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ អ្នកគ្រប់គ្រផ្នែកសុខាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនូវពាក្យថា៖ «រក្សាក្រមសីលធម៌វេជ្ជសាស្ត្រ - ជំនាញវេជ្ជសាស្ត្រដ៏ប៉ិនប្រសប់ - លើកកម្ពស់ទ្រឹស្ដីវេជ្ជសាស្ត្រ - យកឈ្នះលើការលំបាក - ទាំងអស់ដើម្បីប្រជាជន» និងបានស្នើរឲ្យ «ផ្នែកសុខាភិបាលកុំបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុត»។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា បក្ស និងរដ្ឋចាត់ទុកការការពារ ការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជនជាភារកិច្ចនយោបាយកំពូល ជាអាទិភាពក្នុងយុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់; ជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល សង្គមទាំងមូល និងពលរដ្ឋគ្រប់រូប។ នាយករដ្ឋមន្ត្រីបានស្នើថា៖ “កុំនិយាយថាទេ កុំនិយាយថាពិបាក កុំនិយាយហើយមិនធ្វើ; កុំបង្កការរំខានដល់អ្នកជំងឺ; កុំបោះបង់ឱកាសណាមួយដើម្បីជួយសង្គ្រោះមនុស្ស បើទោះបីជាឱកាសតិចតូចបំផុត។ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ និងគ្រូពេទ្យរបស់យើងពិតជាពូកែ និងមានភាពតស៊ូខ្ពស់។ សូម្បីតែឱកាសតិចតូចបំផុតក៏បានក្លាយជាឱកាសដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងណាស់។ មន្ទីរពេទ្យជាច្រើន មិនត្រឹមតែមន្ទីរពេទ្យមជ្ឈិមប៉ុណ្ណោះទេ ថែមទាំងមន្ទីរពេទ្យថ្នាក់មូលដ្ឋានទៀតផង ក៏ធ្វើបានល្អដែរ”


top