នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិជ្ជាប្រៃសណីយ៍ និងទូរគមនាគមន៍នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានបំផុសចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល”។
និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វាគមន៍នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមអញ្ជើញមកចូលរួមពិធី។ រូបថត៖ Lai Hoa/VOV
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងមតិដឹកនាំ។ រូបថត៖ Lai Hoa/VOV
គណៈប្រតិភូបានចុចប៊ូតុង បំផុសចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល”។ រូបថត៖ Lai Hoa/VOV
ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅអនុវត្តន៍ជាក់ស្តែង នាំយកគោលមាគ៌ា និងគោលការណ៍របស់បក្សក្នុងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់មជ្ឈិម ស្តីពីរបកគំហើញអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ទៅក្នុងជីវភាពជាក់ស្តែង។ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងពិភពលោកបច្ចុប្បន្ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួចនៃសម័យកាល ហើយក៏ជាមធ្យោបាយតែមួយគត់ដើម្បីស្ទុះឡើង ជំនះរាល់ការលំបាកនិងបញ្ហាប្រឈម ចាប់យកឱកាស កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រឹងមាំ សង្គមស៊ីវិល័យនិងទំនើប នាំប្រទេសជាតិឱ្យស្មើនឹងមហាអំណាចពិភពលោក។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើថា៖
“ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ សក្តានុភាព កម្រិតវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍របស់វៀតណាមនឹងឈានដល់កម្រិតជឿនលឿនក្នុងវិស័យសំខាន់ៗជាច្រើន ហើយជាប្រទេសឈានមុខគេក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ មាត្រដ្ឋានសេដ្ឋកិច្ចឌីជីថលឈានដល់យ៉ាងហោចណាស់ ៣០% នៃGDP។ អត្រានៃការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិតដោយប្រជាជននិងសហគ្រាស ឈានដល់ជាង ៨០% ។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប កម្រិតបញ្ជូនទិន្ន័យដ៏ធំទូលាយ ស្មើនឹងប្រទេសជឿនលឿន”។
នាព្រឹកថ្ងៃទី ២៤ មេសា អញ្ជើញទៅទស្សនានិងធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យវិទ្យាស្ថាន អនុវត្តន៍ “ការត្រួសត្រាយទាំង៥”។ នោះគឺ ត្រួសត្រាយផ្លូវក្នុងការតភ្ជាប់ភាគីទាំង ៤ រួមមានរដ្ឋ - សាលារៀន - អ្នកវិទ្យាសាស្ត្រ - អាជីវកម្ម ជាមួយវិនិយោគិន; ត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ការស្រាវជ្រាវវិទ្យាសាស្ត្រ; ត្រួសត្រាយផ្លូវក្នុងការបណ្តុះបណ្តាលទេពកោសល្យ និងការកសាងសហគ្រាសយូនីខូន; ត្រួសត្រាយផ្លូវក្នុងស្វ័យភាពនិងធ្វើពាណិជ្ជកម្មផលិតផល; ត្រួសត្រាយផ្លូវក្នុងការហ៊ានគិត ហ៊ានធ្វើ ហ៊ានជំនះដែនកំណត់របស់ខ្លួន៕