ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ៖ “នៅពេលដែលប្រទេសអាស៊ាននីមួយៗកាន់តែរឹងមាំ ប្លុកទាំងមូលក៏នឹងកាន់តែរឹងមាំ”

“នៅពេលដែលប្រទេសអាស៊ាននីមួយៗកាន់តែរឹងមាំ មានន័យថា ប្លុកអាស៊ានទាំងមូលនឹងកាន់តែរឹងមាំ។ នៅពេលដែលប្លុកកាន់តែរឹងមាំ ប្រទេសនីមួយៗ នឹងទទួលបានអត្ថប្រយោជន៍ពីកម្លាំងរបស់ប្លុក”។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (រូបថត៖ Lai Hoa/VOV)

នេះជាសារដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ លើកឡើង នៅក្នុងវគ្គសន្ទនាកម្រិតខ្ពស់ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងវគ្គសន្ទនាកម្រិតខ្ពស់ អញ្ជើញឆ្លើយសំណួរថា តើត្រូវធ្វើអ្វីខ្លះដើម្បីអាស៊ានក្លាយជាដៃគូដែលអាចទុកចិត្តបានសម្រាប់សហគមន៍ធុរកិច្ចសកល លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានថ្លែងថា សម្រាប់អាស៊ាន ប្រការដែលធ្វើឱ្យពិភពលោកកោតសរសើរគឺគោលការណ៍នៃសាមគ្គីភាព ឯកភាពក្នុងភាពចម្រុះ ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង តួនាទីនៃចំណុចកណ្តាលនៃកំណើន គោលដៅនៃការអភិវឌ្ឍប្រកបដោយការរួមបញ្ចូល ការដាក់ប្រជាជននៅកណ្តាល ជាម្ចាស់កម្មវត្ថុ ជាប្រភពធនធាន ជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។ ដូច្នេះហើយ ចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន ដោយដាក់តួនាទីរបស់អាស៊ាននៅក្នុងពិភព លោកទាំងមូល ហើយបន្ទាប់មក ផ្អែកលើលក្ខខណ្ឌជាក់លាក់របស់អាស៊ាន ដើម្បីកំណត់គោលការណ៍ណែនាំ ចក្ខុវិស័យ សកម្មភាព និងការសម្របសម្រួលរវាងសេដ្ឋកិច្ចនានា តាមរបៀបដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រឿងសំខាន់ដំបូងនៅក្នុងអាស៊ានគឺការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ទីពីរ ប្រទេសអាស៊ានត្រូវតែធ្វើឱ្យប្រសើរឡើងនូវការពឹងផ្អែកលើខ្លួនឯង គាំទ្រសេដ្ឋកិច្ចឱ្យបើកចំហចំពោះគ្នាទៅវិញទៅមក។ ទីបី ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងកសាងស្ថាប័នរវាងសេដ្ឋកិច្ច ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង ហេដ្ឋារចនាសម្ព័ន្ធទន់ក្នុងវប្បធម៌ សង្គម ការដឹកជញ្ជូន ការផ្លាស់ប្តូរឌីជីថល និងកែលម្អធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព។

ដោយមានប្រធានបទ "ទីផ្សារបង្រួបបង្រួម - ឆ្ពោះទៅរកវិបុលភាពរួម" នេះគឺជាវេទិកាអាជីវកម្មធំបំផុតនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងក៏ជាវេទិកាអាជីវកម្មធំបំផុតមួយនៅអាស៊ីក្នុងឆ្នាំនេះ។ វេទិកានេះបានប្រមូលផ្តុំអ្នកតំណាងជាង ១.៥០០ នាក់ រួមទាំងប្រមុខរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន អាជីវកម្ម និងសាជីវកម្មឈានមុខគេ និងអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ។ សន្និសីទនេះបានផ្តោតលើវិធានការច្នៃប្រឌិតដោយវិស័យឯកជន ដើម្បីលើកកម្ពស់កំណែទម្រង់គោលនយោបាយ និងបង្កើនតួនាទីរបស់អាស៊ាននៅក្នុងសេដ្ឋកិច្ចពិភពលោក៕ 


top