ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅលុចសំបួ នាថ្ងៃត្រង់ទី ១០ ខែធ្នូ (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួ។
  នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយ លោក Henri, Grand Duke នៃលុចសំបួ  
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ  

លោក Henri, Grand Duke នៃលុចសំបួមានសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសលុចសំបួ ដោយសម្តែងនូវបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីឃើញពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវៀតណាម-លុចសំបួ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយលោក Henri, Grand Duke នៃលុចសំបួអំពីសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការបន្តយកចិត្តទុកដាក់លើសសរស្តម្ភវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ហិរញ្ញវត្ថុបៃតង ថាមពលកកើតឡើងវិញ ការតភ្ជាប់ភស្តុភារ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុបៃតង ដើម្បីទាញយកផលប្រយោជន៍ពីប្រៀបខ្លាំងរបស់ប្រទេសលុចសំបួ និងគាំទ្រវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០ និងការប្តេជ្ញាចិត្តលើការប្រែប្រួលអាកាសធាតុនៅសន្និសីទ COP ២៦ ។

លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA)។ វៀតណាមបានស្នើឱ្យលុចសំបួ ជំរុញដល់ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំ ពារការវិនិយោគ វៀតណាម - EU (EVIPA)។ គាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងដំណើរការបំប្លែង និងអភិវឌ្ឍថាមពលកកើតឡើងវិញ; គាំទ្រវៀតណាមក្នុងការបង្កើតក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ជាមួយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) និងដៃគូអន្តរជាតិ ដោយឈរលើមូលដ្ឋានធានាឱ្យបាននូវសុខដុមរមនានៃផលប្រយោជន៍របស់ភាគី ដើម្បីធ្វើការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាសកល។

រីឯខ្លួនវិញ លោក Henri, Grand Duke នៃលុចសំបួបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វៀតណាមក្នុងតំបន់ និងអាស៊ាន ហើយសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍវិជ្ជមាន ត្រឹមត្រូវ និងប្រសិទ្ធភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចបៃតង អាកាសធាតុ សេដ្ឋកិច្ចវិលជុំ។ លោក Henri, Grand Duke នៃលុចសំបួបាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long ហើយចាត់ទុកនេះជាតំបន់សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្តេជ្ញាជួយវៀតណាមក្នុងការសម្រេចគោលដៅកំណើនបៃតង។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួផងដែរ៕


top