នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយបារាំង។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររៀបចំឱ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ - ការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ផ្លូវដែកក្នុងទីក្រុង រ៉ែ វប្បធម៌ បេតិកភណ្ឌ ស្ថាបត្យកម្ម ការអប់រំ - បណ្តុះបណ្តាល... ហើយពង្រីកលើវិស័យថ្មីៗដូចជា៖ បញ្ញាសិប្បនិមិត្ត អាកាសចរណ៍និង អវកាស ការផ្លាស់ប្តូរបៃតង ថាមពលនុយក្លេអ៊ែរ និងការបណ្តុះបណ្តាលធនធាន មនុស្ស។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានអះអាងថា វៀតណាមជា ដៃគូអាទិភាពសំខាន់មួយរបស់បារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសង្កត់ធ្ងន់ ទៅលើបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម និងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)។ ដោយយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកឯកអគ្គរដ្ឋទូតបារាំងបានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - បារាំង ព្រមទាំងស្នើគម្រោងសហប្រតិបត្តិការជាក់លាក់លើវិស័យសន្តិសុខ - ការពារ ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ផ្លូវដែកក្នុងទីក្រុង និងរ៉ែ។ល៕