ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជា

បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ប្រធានរដ្ឋវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន។ (រូបថត៖ VNA)

នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះផ្ដោតសំខាន់ទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់នានារវាងបក្សទាំងពីរ ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តរក្សាបណ្ដាដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យ ជំនួបផ្លាស់ប្ដូរមតិជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាសហការគ្នាដាក់ពង្រាយបានយ៉ាងល្អ បណ្ដាសកម្មភាពអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ២០២២” ផងដែរ។

ភាគីទាំងពីរបានបញ្ជាក់ថា នឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ក្នុងនោះចាំបាច់ត្រូវដាក់ពង្រាយអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវពិធីសារ ផែនការសហប្រតិបត្តិការការពារជាតិ សន្តិសុខ ដែលត្រូវបានចុះហត្ថលេខា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខព្រំដែន បន្តសហការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីនៅកម្ពុជា។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាព ជំរុញយ៉ាងខ្លាំងក្លានូវការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ជាពិសេសគឺផ្នែកដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម ទេសចរណ៍ ថាមពល និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តព្រំដែន ព្រមទាំងខិតខំប្រឹងប្រែងសម្រេចក្នុងពេលឆាប់ៗ “ផែនការមេស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជាដល់ឆ្នាំ២០៣០” ផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយដោយសមហេតុផលចំពោះការលំបាក ការជំពាក់ជំពិនរបស់សហគ្រាសនៃប្រទេសទាំងពីរ; ធានាការអនុវត្តយ៉ាងរលូននូវទម្រង់ការពារជម្ងឺរាតត្បាតសម្រាប់យានយន្តនិងទំនិញនាំចេញនាំចូលនៅពេលឆ្លងច្រកទ្វារព្រំដែនផ្លូវគោក និងផ្លូវទឹក; បន្តស្រាវជ្រាវ កសាងផ្សារព្រំដែននៅតាមបណ្ដាខេត្តមានព្រំប្រទល់ជាប់គ្នា; ចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចរាល់ ដូចជាអនុស្សរណៈយោគយល់គ្នាអំពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន កិច្ចព្រមព្រៀងស្ដីពីការលើកទឹកចិត្តនិងការគាំពារវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា ជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការជំរុញការចរចាឆ្ពោះទៅកាន់ទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែនវ៉ាក់សាំង/ វិញ្ញាប័នបត្រចាក់វ៉ាក់សាំងការពារកូវីដ-១៩ ហើយបង្កើនការអប់រំ-បណ្ដុះបណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

 

ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VNA)


ទាក់ទិននឹងបញ្ហាខ័ណ្ឌសីមាបោះបង្គោលព្រំដែននៅសេសសល់នោះ ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីដោះស្រាយឲ្យបានសមស្របតាមស្មារតីមិត្តភាព រួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងថា នឹងបង្កើនការផ្លាស់ប្ដូរ និងជំរុញកិច្ចសហប្រតិបត្តិការថែមទៀតក្នុងឆ្នាំ ២០២២ នៅពេលដែលកម្ពុជាទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២០២២។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ បង្កើនការកសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្នែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; គាំទ្រភាគីពាក់ព័ន្ធនានាអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញការសម្រេចរួចរាល់ក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិ។

ក្រោយពីជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជាសម្រេច ហ៊ុន សែន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រគល់ឯកសារសហប្រតិបត្តិការចំនួន ៧ រវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសន្យា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការធុរកិច្ចជាច្រើនរវាងសហគ្រាសនៃប្រទេសទាំងពីរផងដែរ។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ; ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ បន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសមនេះ លោកប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា។

មុននេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

នាយប់ថ្ងៃដដែល ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងក្នុងពិធីលាងសាយភោជន៍ជូន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top