ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ចិនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង

ក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២២ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន ឧបនាយករដ្ឋមន្រ្តី លោក Mai Van Chinh បានជួបជាមួយអនុប្រធានរដ្ឋចិន លោក Han Zheng។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Mai Van Chinh ជួបជាមួយអនុប្រធានរដ្ឋចិន លោក Han Zheng។ រូបថត៖ VGP/Giang Thanh

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានស្នើឲ្យភាគីទាំងពីរផ្តល់អាទិភាពខ្ពស់លើកិច្ចសហប្រតិបត្តិការផ្លូវដែក ជំរុញយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការផ្លូវដែកវៀតណាម - ចិន ធានាឲ្យបើកការសដ្ឋានសាងសង់ផ្លូវដែក Lao Cai - Hanoi - Hai Phong ក្នុងឆ្នាំ ២០២៥; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រកបដោយតម្លាភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះ ចិនបន្តបើកចំហទីផ្សារសម្រាប់កសិផលនិងជលផលរបស់វៀតណាម ពន្លឿនការបង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមប្រចាំនៅចិន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល។ វៀតណាមត្រៀមខ្លួនបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងវិនិយោគទ្រង់ទ្រាយធំ គុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបរបស់ចិន។

រីឯខ្លួនវិញ អនុប្រធានរដ្ឋចិន លោក Han Zheng បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តល់អាទិភាពលើការដាក់ពង្រាយខ្សែផ្លូវដែក Lao Cai - Hanoi - Hai Phong; ពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម លើកទឹកចិត្តសហគ្រាសឆ្នើមៗ មានសមត្ថភាព និងបច្ចេកវិទ្យាខ្ពស់របស់ខិន ឲ្យបង្កើនការវិនិយោគនៅវៀតណាម; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាពង្រឹងមូលដ្ឋាននៃមតិសាធារណៈដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី៕


top