ព័ត៌មាន

ទំនាក់ទំនងរវាងអាស៊ាន-កាណាដា នៅមានសក្ដានុពលជាច្រើនសម្រាប់ការ​អភិវឌ្ឍ

នៅថ្ងៃទី ២១ ខែមិថុនា កិច្ចសន្ទនាថ្នាក់មន្ត្រីជាន់ខ្ពស់(SOM) លើកទី ១៩ រវាងអាស៊ាន-កាណាដា បានប្រព្រឹត្តទៅតាមទម្រង់អនឡាញ។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM វៀតណាម រួមជាមួយប្រធាន SOM នៃបណ្តាប្រទេសអាស៊ាននិងកាណាដា បានអញ្ជើញចូលរួមកិច្ចសន្ទនានេះ។
  កិច្ចសន្ទនាថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី ១៩ រវាងអាស៊ាន-កាណាដា។ រូបថត៖ TTXVN  

ថ្លែងមតិក្នុងកិច្ចសន្ទនា ឯកអគ្គរដ្ឋទូតលោក Vu Ho ប្រមុខស្តីទី SOM វៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក អាស៊ាន និងកាណាដាត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលដែលមានស្រាប់ ឆ្លៀតយកឱ្យបានល្អគ្រប់ឱកាសសហប្រតិបត្តិការ សំដៅលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស សុខាភិបាល និងការថែទាំសុខភាពសម្រាប់ប្រជាជន ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាព ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង រួមចំណែកដល់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងភាពជាដៃគូ។

ឯកអគ្គរដ្ឋទូតបានស្នើថា អាស៊ាន និងកាណាដា ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដែលជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។ ឯកអគ្គរដ្ឋទូត Vu Ho បានអះអាងសារជាថ្មីនូវគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ាន ចំពោះសមុទ្រខាងកើត ដែលប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ កសាងទំនុកចិត្ត អនុវត្តភាពអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធី និងអនុវត្តន៍យ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ DOC និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត COC ប្រកបដោយសុក្រឹត្យភាពនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២ ខិតខំប្រឹងប្រែងប្រែក្លាយសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕


top