ព័ត៌មាន

ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៖ បន្តស្មារតី «រួម​ដំណើរនិងរួម​គ្នាស្ថាបនា»

អគ្គលេខាបក្ស ប្រជានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹង​អញ្ជើញ​បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មីហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម​ក្រោយ​រយៈពេល ១១ ឆ្នាំ។

ឆ្លើយតបទៅនឹងសារព័ត៌មានក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញ វូ បាន​ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាយុទ្ធសាស្ត្រ​លេចធ្លោចំនួន ៣។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញ វូ ។ រូបថត៖ VNA

«ទីមួយ កំណត់ទិសដៅយុទ្ធសាស្ត្ររួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ទីពីរ ផ្លាស់​ប្តូរ​ពី​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសុទ្ធសាធ ទៅជាការពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ ដោយផ្តោតលើស្មារតីនៃការរួមដំណើរ ការស្ថាបនារួមគ្នា និ​ងលើក​កម្ពស់ភាពខ្លួនទីពឹងខ្លួននៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ទីបី បង្កើត​សន្ទុះសម្រាប់របកគំហើញខាង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍។ នេះគឺជាវិស័យដ៏សំខាន់ជាពិសេសសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។»​​

អនុរដ្ឋមន្ត្រី ង្វៀន មិញ វូ សង្ឃឹមថា វៀតណាម និងជប៉ុន នឹងបន្តលើកកម្ពស់ស្មារតីនៃការជឿទុកចិត្តគ្នា ភាពស្មោះត្រង់ និងផលប្រយោជន៍ទៅវិញទៅមក ដោយនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍ​កាន់តែស៊ីជម្រៅក្នុងការជឿទុកចិត្តខាងនយោបាយ កាន់តែជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាន់តែជឿនលឿនក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកាន់តែជិតស្និទ្ធក្នុងចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។ នោះក៏ជាអត្ថន័យដ៏ជ្រាលជ្រៅនៃស្មារតី «រួមដំណើរនិងរួមគ្នាស្ថាបនា» ដែលប្រទេសទាំងពីរ​ត្រូវបន្ត​ពូនជ្រុំ​ផងដែរ​៕


top