បន្ទាប់ពីអញ្ជើញចូលរួមក្នុងសន្និសីទកំពូលថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី២៥ នៅទីក្រុងដាណាំង (Da Nang) តាំងពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន Xi Jinping បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៧។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) អញ្ជើញជាអធិបតី ក្នុងពិធីបដិសណ្ឋាកិច្ច លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ Xi Jinping ដោយពិធីការដ៏ខ្ពង់ខ្ពស់បំផុតសំរាប់ថ្នាក់ដឹកនាំ រួមមាន៖ ការបាញ់កាំភ្លើងធំ ២១ ណាត់ សំដៅទទួលស្វាគមន៍។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារ និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ Xi Jinping បានជួបពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan)
ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping និងលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានមិត្តភាពវៀតណាម - ចិន ពិធីដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ចិន នៅរដ្ឋធានីហាណូយ (Ha Noi) ជួបសំណេះសំណាលជាមួយអ្នកតំណាងដែលអញ្ជើញចូលរួមក្នុងវេទិកាប្រជាជនវៀតណាម- ចិននិង ជាតំណាងឲ្យបញ្ញាជននៃប្រទេសទាំងពីរ។
ក្នុងដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន អញ្ជើញកាត់ខ្សែបូសម្ពោធវិមានមិត្តភាពវៀតណាម ចិន។ សំណង់នេះត្រូវបានកសាងដោយប្រាក់ជំនួយឥតសំណងពីរដ្ឋាភិបាលចិននិងទុនបដិភាគ របស់វៀតណាម។
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម