ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម
នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាម លោក Thomas Loidl មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូទ្រីសនាពេលកន្លងទៅមានការអភិវឌ្ឍន៍យ៉ាងសកម្ម លើគ្រប់វិស័យ ក្នុងនោះមានការរួមវិភាគទាន របស់លោក Thomas Loidl ផងដែរ។ ឆ្នាំនេះជាឆ្នាំ ដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧២ - ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧) លោកនាយករដ្ឋមន្ត្រី ស្នើឲ្យក្រសួងការបរទេស នៃប្រទេសទាំងពីររួមសហការ រៀបចំសកម្មភាពជាក់ស្ដែងនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នេះ។ លោកក៏បានឲ្យដឹងថា សក្តានុពលសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅធំធេងណាស់ ហើយមានបំណងជំរុញកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ វៀតណាមស្នើឲ្យអូទ្រីសជំរុញ EU ចុះហត្ថលេខាជាផ្លូវការ និងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ។ រីឯខ្លួនវិញ លោក Thomas Loidl បានឲ្យដឹងថា អាទិភាពរបស់រដ្ឋាភិបាលអូទ្រីសគឺកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចជាមួយវៀតណាម ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ចំពោះជំនួយ ODA នោះ រដ្ឋាភិបាលអូទ្រីសនឹងបន្តផ្តល់ជំនួយ ODA សម្រាប់វៀតណាម នាពេលខាងមុខ និងជួយឧបត្ថម្ភវៀតណាមអនុវត្តគម្រោងការណ៍ ODA ប្រកបដោយប្រសិទ្ធភាពទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម