នៅលើកំពូលភ្នំ Fansipan ដ៏ពិសិដ្ឋ ជារៀងរាល់ថ្ងៃនៅគ្រប់រដូវ ធម្មជាតិបានពាក់អាវស្អាតមួយមានភាពទាក់ទាញខុសៗគ្នា ដែលគ្មានកន្លែងណាមួយក្នុងទឹកដីវៀតណាមដែលមានឡើយ។ នោះគឺជាកាលៈទេសៈព្រិលពណ៌សគ្របដណ្តប់លើបណ្តាសំណង់វិញ្ញាណដ៏ពិសិដ្ឋនៅលើកំពូលភ្នំខ្ពស់ក្នុងរដូវរងារ ឬកាលៈទេសៈនាពេលរាត្រី មេឃភ្លឺចាំងពីផ្កាយរាប់មិនអស់ ឬពេលរសៀល ពន្លឺនៃព្រះអាទិត្យលិចដែលមានពណ៌មាសគ្របដណ្តប់សមុទ្រពពក។
ជ្រលងភ្នំ មឿងហ័រ (Muong Hoa) ស្ថិតនៅក្នុងឃុំ ហៅថាវ (Hau Thao) ចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីរួមខេត្ត សាប៉ា (Sa Pa) ។ កន្លែងនេះទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ ដោយសារតែប្រព័ន្ធវាលស្រែកាំជណ្តើរដ៏អស្ចារ្យ រួមផ្សំនឹងទេសភាពជម្មជាតិដ៏ស្រស់ស្អាត និងរ៉ូមែនទិកដូចបទកំណាព្យ។ នៅពេលដែលអ័ព្ទគ្របដណ្តប់ស្ថានសួគ៌ និងលោកិយ ជ្រលងភ្នំលេចចេញដូចជាចំណុចពិសេសមួយ ហើយក្នុងរដូវកាលនីមួយៗ ព្រលឹងភ្ញៀវទេសចរត្រូវក៏មានការរំភើបចិត្តខុសៗគ្នា។
រដូវផ្ការីកគឺជារដូវដែលជ្រលងភ្នំ មឿងហ័រ (Muong Hoa) ពាក់លើខ្លួនពណ៌ផ្កាឈូកនិងពណ៌សនៃផ្កាម៉ាក់ខៃនិងពណ៌ផ្កា plum។ នៅរដូវស្លឹកឈើជ្រុះ ជ្រលងភ្នំភ្លឺដោយពណ៌មាសនៃស្រូវទុំ នៅវាលស្រែកាំជណ្តើរដ៏ស្រស់ស្អាតបំផុតលើពិភពលោក។ ក្នុងរដូវរងារ ភ្ញៀវទេសចរសម្រុកមកទីនេះដើម្បី "គយគន់ទេសភាពព្រិលធ្លាក់" ដែលជាទិដ្ឋភាពដ៏រ៉ូមែនទិក និងចម្លែកហាក់ដូចជាទេសចរនៅប្រទេសនៃ "លោកខាងលិច"។
ស្ថិតនៅក្បែរជើងភ្នំ Fansipan និងនៅជាប់ជ្រលងភ្នំ មឿងហ័រ (Muong Hoa) ទីរួមខេត្ត សាប៉ា (Sa Pa) លេចឡើងជាមួយនឹងលក្ខណៈបុរាណ និងទំនើប។ ទីរួមខេត្ត សាប៉ា (Sa Pa) បានឆ្លងកាត់ដំណើរការបង្កើត និងអភិវឌ្ឍ ក្នុងរយៈពេល ១២១ឆ្នាំ ។ ចំណុចលេចធ្លោកក្នុងដំណើរនោះ បានរក្សាទុកកេរដំណែលប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្ននេះក្លាយទៅជាកន្លែងល្បីល្បាញរបស់ទីរួមខេត្ត សាប៉ា (Sa Pa) ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជា វិហារកាតូលិកថ្ម សាប៉ា (Sa Pa) និងផ្ទះបារាំងបុរាណដែលនៅសេសសល់។
វិហារថ្មកាតូលិកត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៥ បានជួសជុល និងរក្សាទុកស្ថានភាពដើម ដែលជារូបភាពពិសេសនៃទីរួមខេត្ត សាប៉ា (Sa Pa)។ រូបថត៖ ផាមបាំង
ស្ថិតនៅចំកណ្តាលទីរួមខេត្តនេះ វិហារកាតូលិកថ្ម សាប៉ា (Sa Pa) ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំង ក្នុងឆ្នាំ ១៩២៦ និងបញ្ចប់នៅឆ្នាំ ១៩៣៥។ វិហារនេះបែរខ្នងជាប់ជួរភ្នំ ហាមរ៉ុង (Ham Rong) និងជាកន្លែងរៀបចំសកម្មភាពសាសនាដ៏សំខាន់សម្រាប់ប្រជាជនកាន់សាសនាគ្រឹស្ត នៅទីរួមខេត្ត សាប៉ា (Sa Pa) ហើយត្រូវបានគេចាត់ទុកថាជា "បេះដូងនៃទីរួមខេត្តនេះ" ។
សព្វថ្ងៃនេះ ភ្ញៀវទេសចរទៅកាន់ទីរួមខេត្ត សាប៉ា (Sa Pa) នឹងមានការភ្ញាក់ផ្អើល ដោយភោជនីយដ្ឋាន សណ្ឋាគារដែលទើបសាងសង់ថ្មីៗ ជាច្រើន និងមានស្ថាបត្យកម្មបែបបារាំងពីសតវត្សរ៍មុន។ ជាគំរូគឺសណ្ឋាគារ Hotel de la Coupole MGallery by Sofitel របស់ក្រុមហ៊ុន Sungroup គ្រុប បន្ទាប់មកគឺសណ្ឋាគារ PistaChio Sa Pa ។ ស្ថាបត្យកម្មបែបចាស់ និងថ្មី រួមជាមួយនឹងទេសភាពធម្មជាតិរ៉ូមែនទិក ដើម្បីបង្កើតទីរួមខេត្ត សាប៉ា (Sa Pa) ដ៏ល្បីល្បាញមួយនៅក្នុងពពក ដែលប្រៀបធៀបដូចជា "នារីស្រស់ស្អាតម្នាក់" និងមានភាពទាក់ទាញក្នុងក្រសែភ្នែកភ្ញៀវទេសចរ។
ភ្ញៀវទេសចរណ៍ និងបងប្អូនជនជាតិនៅទីនេះចូលរួមក្នុងរបាំគោះអង្រែ ក្នុងពិធីបុណ្យមួយនៅ ទីរួមខេត្ត សាប៉ា (Sa Pa) ។ រូបថត៖ ផាមបាំង
សាប៉ា (Sa Pa) ជាទីរួមខេត្ត ដែលជាទីតាំងរស់នៅដ៏យូរយាររបស់ជនជាតិគិញ (Kinh) និងបងប្អូនជនជាតិបងប្អូនមួយចំនួនដូចជាជនជាតិម៉ុង (Mong) ជនជាតិយ៉ាវក្រហម (Dao) ជនជាតិតៃ (Tay) ជនជាតិយ៉ៃ (Giay) ជនជាតិស្វាផ (Xa Pho) ។ ជនជាតិនីមួយៗរស់នៅទីនេះ មានទំនៀមទម្លាប់ លក្ខណៈវប្បធម៌រៀងៗខ្លួន បានបង្កើតភាពប្លែក និងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ។
នៅសាប៉ា (Sa Pa) បងប្អូនជនជាតិម៉ុង (Mong) មានចំនួនប្រជាជនច្រើនជាងគេ ដែលស្មើនឹង ៥០% នៃចំនួនប្រជាជន។ គោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីរួមខេត្ត សាប៉ា (Sa Pa) សព្វថ្ងៃគឺភូមិ កាតកាត (Cat Cat) ដែលជាកន្លែងជនជាតិម៉ង (Mong) រស់នៅភាគច្រើន។ នេះជាភូមិដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះភូមិនេះនៅតែរក្សាបានរបរសិប្បកម្មប្រពៃណីដូចជា ដាំកប្បាស ត្បាញក្រណាត់ និងធ្វើគ្រឿងអលង្ការប្រពៃណី។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងបានស្វែងយល់និងសង្កេតមើលពីជីវភាពប្រចាំថ្ងៃរបស់ជនជាតិម៉ុង (Mong) មើលឃើញដោយផ្ទាល់ភ្នែកអំពីរបៀបដែលជនជាតិម៉ុង (Mong) ត្បាញសម្លៀកបំពាក់ប្រពៃណី និងហូបម្ហូបអាហារពិសេសនៅភាគពាយ័ព្យដូចជាថាំងកូ (thang co) ស្រាពោត ជាដើម...
ពិធីបុណ្យរបស់បងប្អូនជនជាតិដែលរស់នៅទីរួមខេត្ត សាប៉ា (Sa Pa) មានលក្ខណៈប្លែកៗ និងពិសេស ហើយបង្កប់នូវជំនឿសាសនាពីបុរាណ។ ពិធីបុណ្យតែងបានប្រព្រឹត្តទៅនៅដើមខែនៃនិទាឃៈរដូវ។ ម៉្យាងទៀត ពិធីបុណ្យភាគច្រើនបានរៀបចំក្នុងភូមិមួយ។ ទោះយ៉ាងណាក៏ដោយ នៅជ្រលងភ្នំ មឿងហ័រ (Muong Hoa) ពិធីបុណ្យខ្លះបានរៀបចំតាមភូមិសាស្ត្រនៃតំបន់ ឬតាមភូមិបុរាណមួយ។
ការសម្តែងរបាំប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង (Mong) ក្នុងពិធីបុណ្យ ហ្វៅតាវ (Gau Tao) ទីរួមខេត្ត សាប៉ា (Sa Pa) ។ រូបថត៖ ផាមបាំង
ពិធីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិយ៉ាវ (Dao) ក្រហមនៅទីរួមខេត្ត សាប៉ា (Sa Pa)។ រូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម
រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីជីវភាពខាងវប្បធម៌របស់បងប្អូនជនជាតិរស់នៅ សាប៉ា (Sa Pa) ហាក់ដូចជាមានការរៀបរាប់ជារៀងរហូត ដោយមិនដែលអាក់ខានឡើយ ព្រោះនៅទីនេះមានតម្លៃវប្បធម៌រូបី និងអរូបីជាច្រើន ថែមទាំងប្រជាជនបានថែរក្សាប្រកបដោយនិរន្តរភាព។ អ្វីៗ ទាំងអស់នៅតែរង់ចាំភ្ញៀវទេសចរមកនិងស្វែងយល់ ព្រោះជារៀងរាល់ថ្ងៃ រាល់រដូវនៅ សាប៉ា (Sa Pa) ធ្លាប់បានប្រៀបនឹង "បទចម្រៀង" ថ្មីមួយដែលមានសំឡេងខុសៗគ្នា និងចំណាប់អារម្មណ៍ផ្សេងៗ គ្នា។/.
អត្ថបទ៖ ថុងធៀន - រូបថត៖ ង្វៀនថាំង ហ័ងហា ផាមបាំង
បច្ចេកទេសនិងក្រាហ្វិក៖ ត្រាងញុង