ព័ត៌មាន

ទីក្រុងហូជីមិញស្ថិតក្នុង Top គោលដៅទិញទំនិញកំពូលៗរបស់ពិភពលោកតាមរយៈបទពិសោធន៍របស់ភ្ញៀវទេសចរ

ទីក្រុងហូជីមិញរបស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១៦ ក្នុងចំណោមគោលដៅទិញទំនិញកំពូលទាំង៥០ នៅលើពិភពលោក ក្នុងឆ្នាំ២០២៦ ដូចដែលបានប្រកាសដោយទស្សនាវដ្តីទេសចរណ៍ឥណ្ឌាដ៏ល្បីល្បាញ Travel And Tour World (TTW)។

ផ្សារ Ben Thanh។ រូបថត៖ VNP

នៅក្នុងការវាយតម្លៃសសម្រាប់ទីក្រុងហូជីមិញ TTW ពិពណ៌នាអំពីទីក្រុងនេះថា ជាគោលដៅទិញទំនិញដ៏ផុលផុសបំផុតមួយរបស់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលទីផ្សារប្រពៃណី ហាងក្នុងស្រុក និងមជ្ឈមណ្ឌលលក់រាយទំនើបៗ ជាប់គ្នា បង្កើតបទពិសោធន៍ទិញទំនិញចម្រុះ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាម លោក Archon Wong ភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី បានវាយតម្លៃថា៖ “ខ្ញុំបានទិញរបស់របរជាច្រើន ក្នុងនោះមានកាហ្វេវៀតណាម អាហារសម្រន់ វត្ថុអនុស្សាវរីយ៍សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ សម្លៀកបំពាក់ និងផលិតផល​សិប្បកម្មមួយចំនួន។ ខ្ញុំចូលចិត្តផលិតផលដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម ពីព្រោះវានាំមកនូវអារម្មណ៍ថា មានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យជាងវត្ថុអនុស្សាវរីយ៍ធម្មតា”។

លោក Eli Dukorski ជាអ្នកទេសចរមកពីប្រទេសអ៊ីស្រាអែល បាននិយាយថា៖ “ខ្ញុំមានការចាប់អារម្មណ៍ពេលទិញទំនិញនៅទីក្រុងហូជីមិញ។ ខ្ញុំបានទៅទស្សនាផ្សារទំនើបជាច្រើន ហើយពិតជារីករាយនឹងសេវាកម្មនេះ។ បរិយាកាសមានភាពរីករាយ ហើយប្រជាជនមានភាពរាក់ទាក់។ ខ្ញុំមានអារម្មណ៍ស្រួល និងរីករាយរាល់ពេល។ នេះជាលើកដំបូងរបស់ខ្ញុំ ដែលមកកាន់តំបន់អាស៊ី ដូច្នេះនេះជាបទពិសោធន៍ថ្មីថ្មោងសម្រាប់ខ្ញុំ ប៉ុន្តែជាបទពិសោធន៍ដ៏ល្អមួយដែរ”។

ភ្ញៀវទេសច​មកទស្សនា និងទិញទំនិញ​ នៅផ្សាររាត្រីមួយ ក្នុងទីក្រុង ហូជីមិញ ។ រូបថត៖ VNP

ជាមួយនឹងការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពទំនើប ទីក្រុងហូជីមិញកំពុងទាក់ទាញភ្ញៀវទេសចរជាមួយនឹងដំណើររុករកចម្រុះរបស់ខ្លួន ដែលបង្កើតភាពទាក់ទាញរបស់ទីក្រុងនៅលើផែនទីទិញទំនិញអន្តរជាតិ៕


top