ព័ត៌មាន

ទីក្រុងហាណូយភ្លឺចិញ្ចាចដោយទង់ជាតិនិងផ្កា អបអរសាទរខួបលើកទី ៥០ទិវាបង្រួបបង្រួមប្រទេសជាតិ

នាប៉ុន្មានថ្ងៃនេះ វិថីនានាក្នុងទីក្រុងហាណូយមានភាពត្រចះត្រចង់ និងចម្រុះពណ៌ ដោយទង់ជាតិ ផ្ទាំងបដា និងពាក្យស្លោក ... អបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ - រំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
ប្រភព៖ VTC

នៅតំបន់បឹង Hoan Kiem និមិត្តសញ្ញានិងផ្ទាំងបដាជាច្រើន អបអរសាទរ "ខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ" បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ផ្ទាំងគំនូរតូចៗ ផ្ទាំងព័ត៌មាន និងស្លាកសញ្ញាមានគំនូរសាមញ្ញ មានរចនាប័ទ្មដ៏ឧឡារិក បង្ហាញពីបរិយាកាសវីរភាពនៃប៉ុន្មានថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។ លោកស្រី Nguyen Thanh Thuy ពីខេត្ត Bac Ninh មកកាន់រដ្ឋធានីក្នុងឱកាសនេះបានចែករំលែកថា “ខ្ញុំជឿជាក់ថា កុលបត្រវៀតណាមទាំងអស់ សុទ្ធតែមានគំនិតឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍ទាំងនេះ ពីព្រោះយើងរស់នៅដោយសុខសន្តិភាពនាសព្វថ្ងៃនេះ មិនដែលបំភ្លេចគុណូបការៈរបស់យុទ្ធជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារមាតុភូមិ និងជួយប្រទេសវៀតណាមត្រូវបានរំដោះទាំងស្រុង និងរស់នៅដោយសុខសន្តិភាព”។

មិនត្រឹមតែតំបន់វិថីសំខាន់ៗនៃទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងស្រស់ស្អាតប៉ុណ្ណោះទេ វិថីតូចៗ តំបន់លំនៅដ្ឋាន ការិយាល័យ និងសាលារៀនក៏បានព្យួរទង់ជាតិ និងពាក្យស្លោកដើម្បីអបអរសាទរពិធីបុណ្យដ៏សំខាន់របស់ប្រទេសជាតិផងដែរ។

ភ្ញៀវទេសចរជាច្រើនបានយកចិត្តទុកដាក់ចំពោះរូបភាពឃោសនាដ៏សម្បូរបែបនិងចម្រុះ។ អ្នកស្រី Nadin ភ្ញៀវទេសចរមកពីប្រទេសអាល្លឺម៉ង់បានចែករំលែកថា៖ “ខ្ញុំបានមកវៀតណាម និងមកទីក្រុងហាណូយ ជាច្រើនដង។ រាល់ពេលមកដល់ទីនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ខុសៗគ្នាសម្រាប់រូបខ្ញុំផ្ទាល់។ ជាពិសេស លើកនេះ ចំនឹងឱកាសដែលវៀតណាមកំពុងរំលឹកខួបលើកទី ៥០ ទិវាបង្រួបបង្រួមប្រទេសជាតិ វាកាន់តែគួរឲ្យចាប់អារម្មណ៍ ទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចាច់ ប្រជាជនមានក្តីរំភើប និងរួសរាយរាក់ទាក់ណាស់”។

ទីក្រុងហាណូយភ្លឺចិញ្ចាច់ដោយទង់ជាតិនិងផ្កា។ ប្រជាជនរដ្ឋធានីបាននឹងកំពុងចូលរួមជាមួយប្រជាជនទូទាំងប្រទេស ក្នុងបរិយាកាសសប្បាយរីករាយដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ៕


top