ព័ត៌មាន

ទីក្រុងហាណូយនិងការបោះជំហានវិជ្ជមានក្នុងកំណែទម្រង់រដ្ឋបាល

ដោយមានគោលដៅ “យកប្រជាជននិងសហគ្រាសជាមជ្ឈភាពសម្រាប់បម្រើ” ក្នុងរយៈពេលកន្លងមក ទីក្រុងហាណូយបានធ្វើសាមញ្ញបនីយកម្ម និងលុបចោលបែបបទរដ្ឋបាលរាប់រយផងដែរ។ ស្ថានភាពជាក់ស្តែងនោះ មិនត្រឹមតែជួយប្រជាជន និងសហគ្រាសកាត់បន្ថយពេលវេលា និងចំណាយក្នុងការអនុវត្តបែបបទរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងបង្កើតជួរកម្មាភិបាល និងនិយោជិកប្រកបដោយស្មារតីទទួលខុសត្រូវ និងមានក្រមសីលធម៌សេវាសាធារណៈទៀតផង។
  ប្រជាជនអនុវត្តនីតិវិធីរដ្ឋបាលនៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ (រូបថត៖ VOV)  
  លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ (រូបថត៖ TTXVN)  

ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មក ទីក្រុងហាណូយបានអនុវត្តន៍សាកល្បងជាផ្លូវការនូវគំរូអាជ្ញាធរក្រុងនៅក្នុងសង្កាត់ចំនួន ១៧៥ ចំណុះខ័ណ្ឌចំនួន ១២ និងទីរួមខេត្ត Son Tay។ នេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយសមស្របនឹងលក្ខណៈនៃទីក្រុងបង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព។

ការដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កើនការកែទម្រង់បែបបទរដ្ឋបាលក្នុងរយៈពេលកន្លងមក បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ អង្គការ និងសហគ្រាស។ ក្នុងនោះ ការបោះជំហានគួរឱ្យកត់សម្គាល់បំផុតគឺគំរូ បែបបទរដ្ឋបាលមិនបាច់រងចាំចំនួន ៥។ ពោលគឺ ប្រជាជនត្រឹមតែទៅកាន់កន្លែងជាច្រកទ្វារតែមួយតែម្តងគត់ និងទទួលបានការដោះស្រាយក្នុងរយៈពេលជាងដប់នាទីប៉ុណ្ណោះ។ ប្រការនេះ ទទួលបានការឆ្លើយតបនិងការកោតសរសើរពីប្រជាជន។ លោកស្រី Dang Thi Mai Hoa រស់នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh បានចែករំលែកថា៖ បែបបទរដ្ឋបាលទាំងអស់ត្រូវទៅសង្កាត់បំពេញ។ កម្មាភិបាលនៅក្នុងកន្លែងច្រកទ្វារតែមួយទទួលភ្ញៀវដោយមានការយកចិត្តទុកដាក់ខ្ពស់។ ដោយ សារតែ វ័យចំណាស់ បច្ចុប្បន្នយើងខ្ញុំមិនអាចប្រើបច្ចេកវិទ្យាបានទេ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីនៃការទទួលខុសត្រូវរបស់កម្មាភិបាលនៅកន្លែងច្រកទ្វារតែមួយ

ដើម្បីធានាបាននូវដំណើរការដោះស្រាយបែបបទរដ្ឋបាលឆាប់រហ័សជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងប្រចាំការ ដោយផ្ទេរឯកសារសម្រាប់ចុះហត្ថលេខាភ្លាមៗ។ យោងតាមលោក Nguyen Anh Dung ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ការអនុវត្តគំរូ បែបបទរដ្ឋបាលចំនួន ៥ ត្រូវបានដោះស្រាយដោយមិនចាំបាច់ មិនត្រឹមតែរក្សាបានអត្រា ១០០% នៃសំណុំឯកសាររដ្ឋបាលថ្នាក់សង្កាត់ត្រូវបានដោះស្រាយទាន់ពេលវេលាប៉ុណ្ណោះទេ ថែមទាំង បង្កើនអត្រានៃសំណុំឯកសារត្រូវបានចាត់ចែង និងប្រគល់ឡើងវិញជូនប្រជាពលរដ្ឋមុនកាលកំណត់។ អាស្រ័យហេតុនេះ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងកំណែទម្រង់រដ្ឋបាល កែលំអរសន្ទស្សន៍ពេញចិត្តនៃសេវាកម្មរដ្ឋបាលរបស់ទីភ្នាក់ងាររដ្ឋ។ លោក Nguyen Anh Quan អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ ជាមួយនឹងការដោះស្រាយនីតិវិធីរដ្ឋបាលដោយមិនចាំបាច់រង់ចាំ ជាពិសេសឆ្ពោះទៅរកអាជ្ញាធរអេឡិចត្រូនិក ខ្ញុំគិតថា គឺសមស្របណាស់ ដោយកាត់បន្ថយបែបបទរដ្ឋបាលដែលលែងត្រូវការតទៅទៀត។ ទី២  នាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ជួយប្រជាជនមិនចំបាច់ចំណាយពេលវេលាទៅលើបែបបទរដ្ឋបាលជាមូលដ្ឋាន

បច្ចុប្បន្ននេះ នៅក្នុងទីក្រុង បែបបទរដ្ឋបាលទាំងប្រាំដោយមិនបាច់រង់ចាំ ដែលត្រូវបានឃុំ សង្កាត់ និងខ័ណ្ឌមួយចំនួនអនុវត្តន៍នាពេលថ្មីៗនេះគឺ៖ បែបបទសម្រាប់បញ្ជាក់ច្បាប់ចម្លងពីឯកសារដើម ឯកសារដែលរៀបចំដោយស្ថាប័នមានសមត្ថកិច្ចវៀតណាមផ្តល់ ឬបញ្ជាក់; បែបបទសម្រាប់ការបញ្ជាក់ហត្ថលេខានៅក្នុងឯកសារ; បែបបទចុះបញ្ជីអាពាហ៍ពិពាហ៍; បែបបទចុះបញ្ជីកំណើត និងចុះបញ្ជីមរណភាព។ នៅពេលដែលប្រជាជនទៅកាន់កន្លែងច្រកទ្វាតែមួយ   ដើម្បីអនុវត្តន៍បែបបទទាំងនេះ នឹងត្រូវបានដោះស្រាយនៅនឹងកន្លែងជាមួយនឹងដំណើរការ ៥ជំហាន។

យោងតាមការវាយតម្លៃរបស់អាជ្ញាធរក្រុងហាណូយ ការចូលរួមព្រមៗគ្នា និងយ៉ាងខ្លាំងក្លារបស់មន្ទីរ អង្គភាពក្នុងរយៈពេលកន្លងមក បានជួយឱ្យការកែទម្រង់រដ្ឋបាលរបស់ទីក្រុងត្រូវបានកែលំអរ បម្រើឱ្យតម្រូវការរបស់ប្រជាជននិងអាជីវកម្ម។ តាមនោះ ទីក្រុងហាណូយបានសម្រួលបែបបទចំនួន ២៦ ឲ្យងាយស្រួលជាង ជំនួសបែបបទចំនួន ៣៣ និងលុបចោលបែបបទចំនួន ៤៧៦។ រហូតមកដល់ពេលនេះ បែបបទរដ្ឋបាលទាំងអស់ត្រូវបានទទួលយក និងដោះស្រាយតាមយន្តការច្រកចេញចូលតែមួយ។ ការទទួល និងការដោះស្រាយបែបបទរដ្ឋបាលក៏ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ផងដែរ ដូច្នេះ កាត់បន្ថយអំពើពុករលួយ និងការយឺតយ៉ាវ។ យោងតាមការស្ថិតិបង្ហាញថា លទ្ធផលនៃការដោះស្រាយសំណុំឯកសារទាន់ពេល និងមុនថ្ងៃកំណត់នៅទីក្រុងហាណូយឈានដល់អត្រាជាង ៩៩%។ លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖ កំណែទម្រង់បែបបទរដ្ឋបាលគឺជាតម្រូវការរួមរបស់ប្រជាជន និងធុរកិច្ច ជាការលោតផ្លោះ និងឆន្ទៈដ៏មុតមាំរបស់យើង ដែលទីក្រុងហាណូយបាននិងកំពុងធ្វើយ៉ាងខ្លាំងក្លាតាំងពីដើមអាណត្តិមក។ ទីក្រុងហាណូយបានដំណើរការយ៉ាងព្រមៗគ្នា និងត្រូវបានប្រជាជន និងអង្គភាពអាជីវកម្មវាយតម្លៃខ្ពស់ផងដែរ

បច្ចុប្បន្ននេះ ទីក្រុងបានចេញផែនការអនុវត្តន៍កំណែទម្រង់រដ្ឋបាលដំណាក់កាល ២០២១-២០២៥ ដោយផ្តោតលើការ "បន្តកំណែទម្រង់បែបបទរដ្ឋបាល លើកកម្ពស់កម្រិតពេញចិត្តរបស់ប្រជាពលរដ្ឋ និងអង្គការនានាសម្រាប់ការបម្រើរបស់អាជ្ញាធរ និងអភិវឌ្ឍអាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល"។  គណៈកម្មាធិការប្រជាជនទីក្រុងក៏បានបង្កើតក្រុមការងារដើម្បីកែលម្អ និងលើកកំពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR INDEX) និងសន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន និងអង្គការជាមួយនឹងសេវាកម្មរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ (SIPAS) នៃទីក្រុង។ ទីក្រុងហាណូយក៏បានបង្កើតគណកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍគម្រោងជំរុញវិមជ្ឈការនៃការគ្រប់គ្រងរដ្ឋ និងការប្រគល់សិទ្ធិនៅទីក្រុងហាណូយ។  ទាំងនេះគឺជាជំហានដ៏សំខាន់ បង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព កំណែទម្រង់សេវាសាធារណៈដែលទាក់ទងនឹងការកសាងរដ្ឋធានីអរិយ្យធម៌ បង្កើតឱ្យមានភាពខុសគ្នា និងការចាប់អារម្មណ៍ក្នុងការទទួលភ្ញៀវ។ ជាពិសេស ទីក្រុងហាណូយបន្តខិតខំក្លាយជាទីក្រុងឆ្លាតវៃ ឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល៕


top