ព័ត៌មាន

ទីក្រុងហាណូយ និងខេត្ត និងក្រុងនានា ពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មកសិផលសុវត្ថិភាព ដំណាក់កាល ២០២៦ – ២០៣០

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសហការជាមួយនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ (ក្រសួងកសិកម្ម និងបរិស្ថាន) ដើម្បីរៀបចំសន្និសីទសម្របសម្រួល ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពម្ហូបអាហារ និងអភិវឌ្ឍទីផ្សារ សម្រាប់ផលិតកម្ម ការកែច្នៃ និងការលក់ដូរផលិតផលកសិកម្ម ជលផល និងរក្ខផល រវាងទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀត។

ទិដ្ឋភាពសន្និសីទនេះ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង / VNP

នៅក្នុងសុន្ទរកថាបើករបស់លោក តា វ៉ាន់ ទឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា ផ្អែកទៅលើការបន្តសមិទ្ធផល ក្នុងរយៈពេល ២០២១​ - ២០២៥ ទីក្រុង​ហាណូយ និងតំបន់ដទៃទៀត បានចេញផែនការលេខ 167/KH-SNNMT (ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦) ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការ ក្នុងរយៈពេល ២០២៦​ - ២០៣០។ ការ​ផ្តោ​តសំខាន់ គឺលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ការគ្រប់គ្រងការសម្លាប់សត្វ និងការគ្រប់គ្រងគុណភាពផលិតផលកសិកម្ម​។

លោក តា វ៉ាន់ ទឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ ថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង /VNP

លោក ង្វៀន វ៉ាន់ ត្រាង (Nguyen Van Trang) នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្ត ហ៊ឹងអៀន (Hung Yen) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង /VNP 

នៅទីក្រុងហាណូយ វិស័យកសិកម្មកំពុងរក្សាបានប្រសិទ្ធភាពនូវខ្សែសង្វាក់ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពចំនួន ១៨៣ ហើយបានបង្កើតពាណិជ្ជសញ្ញាល្បីៗជាង ១០០ ដូចជា៖ មាន់ភ្នំ បាវី (Ba Vi) មាន់មា សើន​តី (Son Tay)  ទា វ៉ឹន​ឌីញ (Van Dinh) ផ្លែមៀន​​ ដាយ​ថាញ (Dai Thanh) អង្ករក្រអូប ប៊ុយ​ខេ (Boi Khe)... បច្ចុប្បន្នទីក្រុងមានគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៤០៦ ដែលរួមចំណែកប្រហែល ៤០% នៃតម្លៃផលិតកម្មកសិកម្មសរុប។ ជាមួយនឹងផលិតផល OCOP ចំនួន ៣.៥៤៤ ដែលត្រូវបានទទួលស្គាល់ ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន (រួមទាំងផលិតផលផ្កាយ ៥ ចំនួន ១៨) ទីក្រុងហាណូយ បាននាំយកផលិតផល​ពិសេសក្នុងតំបន់ ដើម្បីណែនាំក្នុងបណ្តាញលក់រាយដ៏ទំនើបៗយ៉ាងសកម្ម ជាពិសេសដោយការដាក់តាំងបង្ហាញផលិតផលចំនួន ៣១៦ នៅអាកាសយានដ្ឋាន ណូយបាយ (Noi Bai)។ រួមជាមួយនឹងការគ្រប់គ្រងលេខកូដនៃតំបន់ដាំដុះចំនួន ៦២  (មាន​ផ្ទៃដី ៥៧១.៦ ហិកតា) ផលិតផលកសិកម្មសំខាន់ៗជាច្រើនរបស់ទីក្រុងហាណូយ ដូចជា ផ្លែមៀន ដាយថាញ់ (Dai Thanh) អង្ករសរីរាង្គ ដុងភូ (Dong Phu) បន្លែ វ៉ាន់ឌឹក (Van Duc) និងចេកពណ៌ផ្កាឈូក បានទទួល​ការពេញ​និយម នៅទីផ្សារមួយ​ចំនួន ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង និងចិនដោយជោគជ័យ។

ប្រតិភូចូលរួមក្នុងសន្និសីទ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង /VNP 

ជាពិសេស បណ្តាញតភ្ជាប់ក្នុងតំបន់បានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារសុវត្ថិភាពចំនួន ១.៤០០ ដែលបម្រើទីផ្សារហាណូយ ប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ដូចជា ទីក្រុង កាន់ថើ (Can Tho) (ខ្សែសង្វាក់ចំនួន ១៤៩) ខេត្ត ដុងថាប (Dong Thap) (ខ្សែសង្វាក់ចំនួន ១១៧) ខេត្ត សឺនឡា (Son La) (ខ្សែសង្វាក់ចំនួន ១១៥) ខេត្ត ភូថូ (Phu Tho) (ខ្សែសង្វាក់ចំនួន ៩៥) ខេត្ត ថៃង្វៀន (Thai Nguyen) (ខ្សែសង្វាក់ចំនួន ៩២) ខេត្ត និញប៊ិញ (Ninh Binh) (ខ្សែសង្វាក់ចំនួន ៩០) ខេត្ត ហ៊ឹងអៀន (Hung Yen)  (ខ្សែសង្វាក់ចំនួន ៤៩)... ដោយការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងតំបន់វត្ថុធាតុដើម ដែលឆ្លើយតបនឹង​ស្តង់ដារ ជាមួយសហគ្រាសនាំចេញចំនួន ២៥០ នៅក្នុងតំបន់។ ដូច្នេះ ទំហំនៃការនាំចេញកសិកម្ម និងរុក្ខផលរបស់ទីក្រុងហាណូយ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៦ បានឈានដល់ ២,០៨ ពាន់លាន USD។

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ និងមន្ទីរកសិកម្ម និងបរិស្ថាននៃខេត្ត និងក្រុងផ្សេងៗទៀត។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ និងមន្ទីរកសិកម្ម និងបរិស្ថាននៃខេត្ត និងក្រុងផ្សេងៗទៀត។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

លោក ង្វៀន វ៉ាន់ ត្រាង (Nguyen Van Trang)  នាយករងនៃមន្ទីរកសិកម្ម និងបរិស្ថានខេត្ត ហ៊ឹងអៀន (Hung Yen) បានមានប្រសាសន៍ថា ខេត្តតែងតែពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពី កន្លែង​ផលិតមានកិត្យានុភាព ដើម្បីរក្សាប្រភពផ្គត់ផ្គង់កសិផលពិសេសក្នុង​តំបន់ឱ្យមានស្ថិរភាព សម្រាប់​ប្រព័ន្ធចែកចាយធំៗនៅទីក្រុងហាណូយ (Ha Noi) ដូចជា WinMart, Aeon Mall, BRG Mart, GO!, Co.opmart, បណ្តាញហាង Eco Green ក៏ដូចជាផ្ទះបាយរួម និងផ្សារបោះដុំផងដែរ។

ប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងសន្និសីទ។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ក្រៅពីព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មប្រពៃណីដូចជា សប្តាហ៍ផលិតផលកសិកម្ម ហ៊ឹងអៀន (Hung Yen) នៅទីក្រុងហាណូយ ឬពិព័រណ៍ OCOP ខេត្ត ហ៊ឹងអៀន (Hung Yen) ក៏កំពុងលើកកម្ពស់ការធ្វើ​បរិវត្តកម្មឌីជីថល តាមរយៈការផ្សាយផ្ទាល់លើវេទិកា ដូចជា TikTok, Shopee និង Facebook។ វិធីសាស្រ្តនេះបានទាក់ទាញការមើលរាប់លានលើក ដោយបង្កើតការបញ្ជាទិញដោយផ្ទាល់មួយចំនួនធំ និង​តភ្ជាប់រវាងអង្គភាពផលិតជាមួយអ្នកប្រើប្រាស់នៅក្នុងរដ្ឋធានី។

លោក ផាម វ៉ាន់ យីយ (Pham Van Duy) នាយករងនៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ ថ្លែងមតិ ក្នុងសន្និសីទនេះ។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ក្នុងសុន្ទរកថាបញ្ចប់សន្និសីទនេះ លោក ផាម វ៉ាន់ យីយ (Pham Van Duy) នាយរងនៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ បានកោតសរសើរយ៉ាងខ្លាំង ចំពោះវិធីសាស្រ្តសកម្ម និងបត់បែនរបស់ទីក្រុងហាណូយ ខេត្ត និងទីក្រុងដទៃទៀត​។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនេះ មិនត្រឹមតែជួយធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ធ្វើឱ្យទីផ្សារមានស្ថេរភាព និងទប់ស្កាត់អតិផរណាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនតម្លៃនៃផលិតផលកសិកម្មវៀតណាមផងដែរ។

ប្រតិភូទស្សនាស្តង់ដាក់តាំងទំនិញ នៅក្នុងសន្និសីទ។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

សម្រាប់ដំណាក់កាលបន្ទាប់ លោក ផាម វ៉ាន់ យីយ (Pham Van Duy) បានស្នើឱ្យតំបន់នានា បន្តពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានសុវត្ថិភាពឱ្យកាន់តែស៊ីជម្រៅ។ ក្នុងនោះ ការយកចិត្តទុកដាក់ជាពិសេសលើការធ្វើផែនការ ការគ្រប់គ្រងល្អ និងការធ្វើឱ្យទិន្នន័យឌីជីថលលើតំបន់ដាំដុះ និងចិញ្ចឹមសត្វ ស្របតាមស្តង់ដារ ដើម្បីធានាបាននូវតម្លាភាពក្នុងការតាមដាន។ ទន្ទឹមនឹង​នេះ  អាជីវកម្មនានាត្រូវពង្រឹងការតភ្ជាប់ រវាងបណ្តាតំបន់វត្ថុធាតុដើម លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាកែច្នៃស៊ីជម្រៅ និងបច្ចេកវិទ្យារក្សាទុក ក្រោយការប្រមូលផល ដើម្បីបង្កើនតម្លៃបន្ថែម កាត់បន្ថយការខាតបង់ ក្រោយការប្រមូលផល និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

ផលិតផល OCOP លំដាប់ផ្កាយ ៥ ដែលដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។
រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ក្នុងក្របខណ្ឌនៃសន្និសីទ មន្ទីរកសិកម្ម និងបរិស្ថាន ទីក្រុងហាណូយ និងមន្ទីរកសិកម្ម និងបរិស្ថាននៃបណ្តាខេត្ត ទីក្រុង បានចុះហត្ថលេខា លើកម្មវិធីសហប្រតិបត្តិការ ក្នុងរយៈពេល ២០២៦ -​​ ២០៣០ ដោយបើកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងប្រកបដោយចីរភាពជាងមុន ក្នុងការគ្រប់គ្រងគុណភាព និងការអភិវឌ្ឍទីផ្សារនៃផលិតផលកសិកម្ម រុក្ខជល និងផលិតផលជលផល​៕


top