ព័ត៌មាន

ទស្សនាវដ្តីបារាំងឧទ្ទេសនាមដំណើរកម្សាន្តរុករកប្រទេសវៀតណាម

ទស្សនាវដ្តី Paris Match (បារាំង) នា​ដើម​ខែកក្កដា មានអត្ថបទមួយដែលឧទ្ទេសនាមប្រទេសវៀតណាមជាគោលដៅទេសចរណ៍ដែលមានបទពិសោធន៍​ប្លែកៗជាច្រើន ដែលក្នុងដំណើរកម្សាន្តតែមួយ ភ្ញៀវទេសចរអាចស្វែងយល់​ពីសម្រស់នៃទេសភាព​សមុទ្រ បេតិកភណ្ឌវប្បធម៌ ព្រៃភ្នំ និងជីវភាពរស់នៅរបស់​ប្រជាជន​ក្នុងស្រុក។

ពីទីក្រុងដាណាំង ហូយអាន ឈូងសមុទ្រហាឡុង រហូតដល់អៀនទូ និងនិញប៊ិញ អត្ថបទនេះបាន​ពណ៌នាអំពីប្រទេសវៀតណាមដែលមានទេសភាពចម្រុះ អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងមានភាពទាក់ទាញកាន់​តែខ្លាំង​ឡើង​នៅលើផែនទីទេសចរណ៍អន្តរជាតិ។

ទូកក្ដោងពណ៌ក្រហមនៅឈូងសមុទ្រហាឡុង។ រូបថត៖ VNA

​អត្ថបទនេះបាន​វាយតម្លៃទីក្រុងដាណាំងជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅភាគកណ្តាលប្រទេស វៀតណាម ដែលមានរមណីយដ្ឋាន និងសណ្ឋាគារជាច្រើនតាមបណ្តោយឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ ឧបទ្វីបសឹនត្រា ដែលពីមុនជាទីតាំងដាក់ស្ថានីយ៍រ៉ាដាយោធា បច្ចុប្បន្ននេះគឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោ ជាមួយនឹងទេសភាពព្រៃឈើនិងសមុទ្រ។

ដោយធ្វើអត្ថាធិប្បាយលើទីក្រុងហូយអាន Paris Match កត់សម្គាល់ថាទីក្រុងនេះនៅតែរក្សាស្ទើរតែដដែលនូវផ្ទះបុរាណ វត្ត Cau សាលប្រជុំចិន និងសញ្ញាសម្គាល់នៃកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកកាលពីអតីតកាល។

ស្ពាន Cau (ហូយអាន) ត្រូវបានទស្សនាវដ្តី Paris Match វាយតម្លៃថា ត្រូវបាន​រក្សាស្ទើរតែដដែល។ រូបថត៖ VNP

ដោយសរសេរអំពីគោលដៅទេសចរណ៍ជួរមុខនៅភាគខាងជើងប្រទេសវៀតណាម ទស្សនាវដ្តី Paris Match បានកត់សម្គាល់ថា ឈូងសមុទ្រហាឡុងនៅតែជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយរបស់ពិភពលោក ជាមួយនឹងកោះថ្មកំបោររាប់ពាន់ ប្រព័ន្ធរូងភ្នំ និងទេសភាពធម្មជាតិដ៏អស្ចារ្យ។ ចំណែក​ឯ បេតិកភណ្ឌជាតិ​អៀនទូ ជា​បរិយាកាសវប្បធម៌និងព្រលឹង​ដ៏វិសេសវិសាល ដែល​អ្នកទេសចរអាចរកឃើញភាពសុខសាន្តនៅខំកណ្តាលតំបន់​ព្រៃភ្នំ។

ដោយបញ្ចប់អត្ថបទនេះ ទស្សនាវដ្តី Paris Match បានអះអាងថា ភាពទាក់ទាញរបស់វៀតណាមមិនត្រឹមតែស្ថិតនៅក្នុងទេសភាពធម្មជាតិ ឬរមណីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងជម្រៅវប្បធម៌ និងប្រជាជនទៀត​ផង។ យោងតាមទស្សនាវដ្តីនេះ ការរួមបញ្ចូលគ្នានៃធម្មជាតិ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក​បាន​បង្កើតបទពិសោធន៍ចម្រុះ ដែលជួយ វៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏​​ទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕​


top