បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមជាទីកន្លែងថែរក្សា អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិទាំង៥៤នៅប្រទេសវៀតណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បុរីនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនានិងស្វែងយល់ពីវប្បធម៌ជនជាតិ។
បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមត្រូវបានបង្ហើយនិងបើកទ្វារទទួលប្រជាជនមកទស្សនាចំឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី១០០០ទិវាបង្កើតរដ្ឋធានីថាំងឡុងហាណូយ។ មានចំងាយ៤០គីឡូម៉ែត្រពីមជ្ឈមណ្ឌលក្រុងហាណូយ បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមស្ថិតលើផ្ទៃដីចំនួន១៥៤៤ហិចតាចំណុះមណ្ឌលទេសចរណ៍Dong Mo ទីរួមខេត្ត Son Tay ក្រុងហាណូយ។ ពេលមកទស្សនាទីកន្លែងនេះ ភ្ញៀវទេសចរណ៍ត្រូវបានមគ្គទេសក៍គ្រប់ជនជាតិឧទេ្ទសនាមអំពីភាពល្អប្រសើរក្នុងទំនៀមទំលាប់វប្បធម៌ប្រពៃណីនៃជនជាតិខ្លួន។ តាមលោកNguyen Thanh Son នាយកគណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាមបានឲ្យដឹងថា
“យើងខ្ញុំបញ្ជូនបងប្អូនជនរួមជាតិគ្រប់ជនជាតិមកកាន់បុរីហើយរៀបចំពិធីបុណ្យទាន ជួបប្រាស្រ័យវប្បធម៌ សំដែងសិល្បៈសំរាប់ជនរួមជាតិបង្ហាញនិងផ្សព្វផ្សាយវប្បធម៌នៃជនជាតិខ្លួន”។ជារៀងរាល់ឆ្នាំមានជនរួមជាតិគ្រប់ជនជាតិប្រមាណ១០០០នាក់ពីខេត្តក្រុងនានាបានមកកាន់បុរីដើម្បីជួបជុំនិងធ្វើសកម្មភាពវប្បធម៌។ក្នុងមួយឆ្នាំៗ យើងខ្ញុំរៀបចំព្រឹតិ្តការណ៍ចំនួន៣គឺនាដើមឆ្នាំមានកម្មវិធីរដូវផ្ការីកលើទូទាំងប្រទេស នាខែមេសាមានទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមហើយចុងខែវិច្ឆិកាមានសប្ដាហ៍កេរដំណែលមហាសាមគ្គីជាតិ”។
ជារៀងរាល់ខែគណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបើកសកម្មភាពវប្បធម៌សហគមន៍តាមប្រធានបទមួយចំនួនជាអាទិ៍ ប្រធានបទតំបន់ពាយព្យ តំបន់ Tay Nguyen ឬប្រធានបទស្ដីពីសំលៀកបំពាក់ជាតិឧបករណ៍ភ្លេងជាតិនិងឧបករណ៍ពលកម្មជាដើម។ សកម្មភាពទាំងនេះបានទាក់ទាញ ភ្ញៀវទេសចរណ៍មកទស្សនាយ៉ាងខ្លាំង។ គិតតាំងពីពេលបើកទ្វារនាខែតុលាឆ្នាំ ២០១០ មកនេះមានភ្ញៀវប្រមាណ ២ លាននាក់បានមកទស្សនាបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម។ អ្នកស្រី Nguyen Thi Hoa មគ្គទេសក៍នៅក្នុងបុរីបានឲ្យដឹងថា
“មណ្ឌលបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមនេះចែកជា ៤ ភូមិ។ ភូមិទី១តាំងបង្ហាញវប្បធម៌នៃជនជាតិចំនួ២៨ដែលរស់នៅតំបន់ឥសាន្តនិងពាយព្យ។ ភូមិទី ២ រួមមានជនជាតិចំនួន ១៨ នៅតំបន់ Truong Son និងTay Nguyen។ ភូមិទី ៣ ឧទ្ទេសនាមអំពីជនជាតិចាម ខ្មែរ Cho Ro និងChu ru។ ហើយភូមិទី ៤ ដែលកំពុងកសាងនោះមានជនជាតិ Kinh ចិន Ngai និងSan Diu។ នាបច្ចុប្បន្ននេះនៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមមានសហគមន៍ជនជាតិចំនួន៨ដែលរស់នៅជាប្រចាំថ្ងៃគឺជនជាតិ Tay Thai Muong Dao Kho Mu Ta Oi E De និងខ្មែរ។ អញ្ជើញមកទស្សនាបុរី ភ្ញៀវទេសចរណ៍មិនត្រឹមតែបានស្វែងយល់ពីវប្បធម៌ប៉ុណ្ណោះទេតែថែមទាំងបានផ្ដល់សេវាហូបចុក សំរាកលំហែ លេងកំសាន្តនិងទិញឥវ៉ាន់ទៀតផង ”។
វត្តខ្មែរនៅក្នុង បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម
បងប្អូនជនរួមជាតិគ្រប់ជនជាតិបានបង្ហាញច្បាស់នូវអត្តសញ្ញាណវប្បធម៌នៃជាតិខ្លួនតាមរយៈពិធីបុណ្យទាន ល្បែងប្រជាប្រិយ សំលៀកបំពាក់និងចំរៀងរបាំនានា។ អ្នកស្រី Vien Thi Loan ជនជាតិ Ta Oi មកពីខេត្តThua Thien – Hue ដែលកំពុងរស់នៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា
“មកកាន់បុរី ខ្ញុំបានជួបប្រាស្រ័យនិងរៀនសូត្រវប្បធម៌របស់ជនរួមជាតិមកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស។វប្បធម៌របស់បណ្ដាជនជាតិក្នុងបុរីគឺសំបូរបែបនិងវិសេសវិសាលណាស់។ ខ្ញុំចង់ថែរក្សាវប្បធម៌របស់ជនជាតិខ្លួនហើយសប្បាយរីករាយណាស់ដែលបានឧទ្ទេសនាមវប្បធម៌នៃជនជាតិ Ta Oi ជាមួយជនរួមជាតិជនជាតិដទៃ ”។
ឥឡូវនេះបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជិតឆ្ងាយ។ ទីកន្លែងនេះត្រូវបានចាត់ទុកជាផ្ទះរួមសំរាប់អភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ជនជាតិទាំងអស់ក្នុងប្រទេសវៀតណាម។
តាម VOV5-វិទ្យុសម្លេងវៀតណាម