ព័ត៌មាន

ទប់ស្កាត់និងឆ្ពោះទៅបញ្ចប់ការនេសាទខុសច្បាប់ IUU

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ គ្វុកយូង (Ho Quoc Dung) ទើបតែបានចុះហត្ថលេខាចេញផ្សាយផែនការសកម្មភាព ដើម្បីអនុវត្តន៍វិធានដោះស្រាយអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងវគ្គអធិការកិច្ចលើកទី ៥ អំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

រូបថតឧទហារណ៍។  រូបថត៖ VNA

ផែនការនេះគឺសំដៅដោះស្រាយឲ្យបានដាច់ស្រេចនូវបញ្ហាដែលនៅសេសសល់ ហើយអនុវត្តន៍យ៉ាងពេញលេញនិងជាក់ស្ដែងនូវអនុសាសន៍របស់ EC; បង្កើតការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការគ្រប់គ្រងរបរនេសាទ ទប់ស្កាត់ និងឆ្ពោះទៅបញ្ចប់ការនេសាទខុសច្បាប់ IUU; ត្រៀមរៀបចំសំណុំឯកសារ ទិន្នន័យ និងភស្តុតាងជាក់ស្ដែងដើម្បីធ្វើការជាមួយ EC ដោយប្តេជ្ញាលុបចោលការព្រមាន "កាតលឿង" នៅឆ្នាំ ២០២៦; ព្រមទាំងអភិវឌ្ឍន៍វិស័យជលផលវៀតណាមប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងចីរភាព។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ គម្រោងនេះបានដាក់ចេញភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួន ដូចជា៖ ការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់; ការគ្រប់គ្រងនាវានេសាទ; ការត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងនៅកំពង់ផែ; ការតាមដានប្រភពដើមជលផលដែលប្រមូលផលក្នុងស្រុក; ការគ្រប់គ្រងវត្ថុធាតុដើមជលផលនាំចូល; ការអនុវត្តច្បាប់; ការផ្លាស់ប្តូរឌីជីថល តភ្ជាប់ និងចែករំលែកទិន្នន័យ; កិច្ចសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងទំនាក់ទំនង; បំផុស "ខែកំពូល" ដើម្បីអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៕


top