ព័ត៌មាន

ថ្នាក់ដឹកនាំអាស៊ានគាំទ្រនូវគំនិតផ្តួចផ្តើមទប់ទល់នឹង COVID-19


  ទិដ្ឋភាពនៃកិច្ចប្រជុំ
 

នាព្រឹក​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc, ប្រធានអាស៊ាន បាន​ធ្វើ​ជាអធិបតី​នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ស្តីពីការទប់ទល់នឹងជំងឺឆ្លង COVID-19។ 
 
នេះជាកិច្ច​ប្រជុំកំពូលអាស៊ានលើកដំបូងដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមាន​ការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០។ ទន្ទឹមនឹងការ​កោត​សរសើរ​ចំពោះ​ វៀតណាមដែលបានផ្តល់ជំនួយទាន់ពេលវេលា សម្រាប់បណ្តាប្រទេសក្នុងការគ្រប់គ្រងជំងឺមក ថ្នាក់ដឹក​នាំអាស៊ាន​ក៏បាន​គាំទ្រនូវគំនិតផ្តួចផ្តើមឆ្លើយតបនឹង COVID-19 ផងដែរ។

កិច្ច​ប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត អំពីសាមគ្គី​ភាព​និង​កិច្ច​សហប្រតិ​បត្តិការ​នៅក្នុង​ប្លុកក៏ដូចជាជាមួយដៃគូនានា ដោយបានបញ្ជាក់ថា នេះគឺជា​កម្លាំង​ពលំ​ដើម្បី​ជួយអាស៊ាន​យក​ឈ្នះ​លើការ​រីក​រាលដាលនៃជំងឺ COVID-19។ ថ្នាក់ដឹកនាំក៏បានលើកឡើងផងដែរថា អាស៊ានគួរតែ​ផ្តោត​លើការ​អនុវត្ត​វិធាន​ការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់បណ្តាលដោយ COVID-19 លើសេដ្ឋកិច្ច - សង្គម ។ ថ្នាក់ដឹកនាំ​អាស៊ានក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត រួមទាំងជំរុញរាល់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងដំណើរការចរចារ ក៏ដូចជា លើកកម្ពស់​សមត្ថភាព​​ក្នុងការទប់ទល់នឹងវិបត្ដិខាងក្រៅ ជាដើម។
 
អញ្ជើញថ្លែងមតិនៅឯ​កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំ​ពោះបណ្តា​ប្រទេស​សមាជិកអាស៊ានដែលបានរួមដៃគ្នាជាមួយវៀតណាមក្នុងទប់ទល់នឹងជំងឺរាតត្បាតសកល ចាប់​តាំង​ពីថ្ងៃ​​ដំបូងមក។  លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះបណ្តាប្រទេសដែលគាំទ្រសំណើរបស់វៀត ណាម ដូច​ជា​ការ​បង្កើតមូលនិធិសហប្រតិបត្តិការអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ COVID-19; រៀបចំ​ឃ្លាំង​បំរុង​សម្រាប់​ការផ្គត់ផ្គង់វេជ្ជសាស្ត្រដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ក្នុងពេលមានជំងឺរាតត្បាត ក៏ដូចជា ការបង្កើត​ក្រុមការងារជាមន្រ្តីជាន់ខ្ពស់អាស៊ានក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយជាដើម។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាមនឹងបន្តជួយដល់ប្រទេសនានាដែលមានជំងឺឆ្លង រក្សាសកម្ម​ភាពសេដ្ឋកិច្ចធម្មតានិងផ្តល់នូវតម្រូវការចាំបាច់ជាច្រើន រួមទាំងស្បៀងអាហារ តាមការស្នើសុំរបស់​ប្រទេស​ដទៃទៀត​។
 
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំបានអនុម័ត​លើសេចក្តី​ថ្លែងការណ៍​នៃកិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន​ស្តីពីការ​ឆ្លើយតប​នឹងជំងឺរាតត្បាត COVID-1​9 ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top