ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរី បញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាគំរូនៅក្នុងអាស៊ាន

នាយប់ថ្ងៃទី៣០ ខែឧសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី អតីតនាយករដ្ឋមន្ត្រី លោក លី សៀនឡុង (Lee Hsien Loong)។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រី និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី អតីតនាយករដ្ឋមន្ត្រី លី សៀនឡុង (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ដោយបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍវិជ្ជមាន ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងអតីតនាយករដ្ឋមន្ត្រីលោកលី សៀនឡុង បានពិភាក្សាអំពីទិសដៅជាច្រើនសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យសិង្ហបុរីបន្តយកចិត្តទុកដាក់ និងឧបត្ថម្ភវៀតណាមក្នុងវិស័យបណ្តុះបណ្តាលបុគ្គលិក ចែករំលែកបទពិសោធន៍លើកំណែទម្រង់រដ្ឋបាល កែលម្អសមត្ថភាព និងធ្វើឲ្យសុក្រិតគោលនយោបាយ និងយន្តការក្នុងវិស័យអភិវឌ្ឍន៍ថ្មីៗ។ លោក លី សៀនឡុង បានវាយតម្លៃខ្ពស់ចំពោះការបង្កើតយន្តការសន្ទនា យុទ្ធសាស្ត្ររវាងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី និងបក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ ថា ក្នុងឋានៈជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសកម្មភាពប្រជាជនសិង្ហបុរី លោកនឹងបន្តគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងលើកកម្ពស់ការអនុវត្តកម្មវិធីសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងអតីតនាយករដ្ឋមន្ត្រី លី សៀនឡុង បានឯកភាពគ្នាថា នៅក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញ និងងាយនឹងប្រែប្រួល ប្រទេសទាំងពីរត្រូវពង្រឹងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍៕


top