ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុង​ឱកាសខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារអបអរសាទរទៅកាន់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

រូបថតឧទាហរណ៍។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្ញើលិខិតអបអរសាទរនិងកន្ត្រកផ្កាជូនចំពោះ​​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា និងកន្ត្រកផ្កាជូនប្រធានគណបក្សប្រជាជនកម្ពុជា​សម្តេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ​ហ៊ឹង បានផ្ញើលិខិតអបអរសាទរ​ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា លោក​ ហ៊ុន ម៉ាណែត ។ ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បានផ្ញើលិខិតអបអរសាទ​រ​ជូនចំពោះប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុន សែន និងប្រធានរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី​។ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ជិន​ គឹមទូ បានផ្ញើកន្ត្រកផ្កាជូនចំពោះ​លោក សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា។

នៅក្នុងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏​ធំធេង​ដែល​កម្ពុជាសម្រេចបានក្នុងរយៈពេល ៧៣ ឆ្នាំកន្លង​មក; ដោយ​ជឿជាក់ថា ក្រោម​ការ​គ្រងរាជ្យសម្បត្តិ​របស់ព្រះបាទ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋាភិបាល ដោយមានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកប្រធាន ហ៊ុន សែន ដើរតួនាទីស្នូល កម្ពុជានឹងបន្តសម្រេចបាននូវភាពជោគជ័យថ្មីៗ និងទូលំទូលាយជាច្រើនទៀត ដោយអនុវត្ត​ប្រកប​ដោយជោគជ័យនូវកម្មវិធីនយោបាយរបស់បក្ស ក្នុង​ដំណាក់កាល ២០២៣-២០២៨ ; រៀបចំដោយជោគជ័យនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសង្កាត់ឆ្នាំ ២០២៧ និងកសាងព្រះរាជាណាចក្រកម្ពុជាដ៏រីកចម្រើនកាន់តែខ្លាំងឡើង៕​


top