ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយស្ថាប័នតំណាងបរទេស

លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាស្ថាប័នតំណាងបរទេសប្រចាំនៅទីក្រុងហូជីមិញក្នុងការខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោយ ជំងឺរាតត្បាតកូវីដ ១៩។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Phan Van Mai ។ រូបថត៖ Bao Phuong/plo.vn

ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ២០២៣ នាយប់ថ្ងៃទី ១៦ មករា នៅទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានអញ្ជើញជួបសំណេះសំណាលជាមួយអគ្គកុងស៊ុល ប្រធានតំណាងអង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ សម្ព័ន្ធសមាគមធុរកិច្ច នៃបណ្ដាប្រទេស និងតំបន់ដែនដីប្រចាំនៅទីក្រុងហូជីមិញ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដាស្ថាប័នតំណាងបរទេសប្រចាំនៅទីក្រុងហូជីមិញក្នុងការខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោយ ជំងឺរាតត្បាតកូវីដ ១៩។ រាល់ការរួមវិភាគទានជាក់ស្ដែងទាំងនេះបានបង្កើតឱកាសដល់ទីក្រុងក្នុងការទាក់ទាញ និងទាញយកប្រភពកម្លាំងអន្តរជាតិ ដើម្បីអនុវត្តន៍រាល់គោលដៅនៃផែនការរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ និងសម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២២។

លោក Phan Van Mai បានស្នើឲ្យស្ថាប័នកុងស៊ុល អង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ សម្ព័ន្ធសមាគមធុរកិច្ចបន្តរួមដំណើរជាមួយទីក្រុង ជាពិសេសក្នុងការខិតខំប្រឹងប្រែងកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងវប្បធម៌របស់តំបន់។

ចំណែកលោក Roy Kho Ngee Seng អគ្គកុងស៊ុលសិង្ហបុរីប្រចាំទីក្រុងហូជីមិញ ប្រធានគណៈប្រតិភូកុងស៊ុលប្រចាំនៅទីក្រុងហូជីមិញបានអះអាងថា គណៈប្រតិភូកុងស៊ុលមានគោលបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាចទីក្រុង ដើម្បីប្រែក្លាយគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យក្លាយទៅជាការពិត ព្រមទាំងសហប្រតិបត្តិការជាមួយទីក្រុងលើវិស័យដូចជា៖ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ ការអប់រំ រដ្ឋបាលសាធារណៈ សុខាភិបាល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល៕


top