ព័ត៌មាន

ថែទាំបុណ្យ​តេតសម្រាប់អ្នកជំងឺដែលមាន​ស្ថានភាពលំបាក់

នាប៉ុន្មានថ្ងៃមុននឹងបុណ្យតេតប្រពៃណី មន្ទីរពេទ្យនានាក្នុងទីក្រុងហូជីមិញកំពុងអនុវត្តសកម្មភាពថែទាំអ្នកជំងឺក្រីក្រ និងអ្នកជំងឺកុមារដែលមានស្ថានភាពលំបាក់ តាមរយៈកម្មវិធីសុខុមាលភាពដូចជា៖ ផ្សារសូន្យដុង ការផ្តល់អំណោយ និងអាំងប៉ាវនៅដើមឆ្នាំ...ដោយរួមចំណែកនាំមកនូវបរិយាកាសបុណ្យតេតដ៏កក់ក្តៅនៅក្នុងមន្ទីរពេទ្យ។

ន្ទីរពេទ្យពហុព្យាបាល Thu Duc បានផ្តល់អំណោយជាង ៥.២០០ចំណែកដល់អ្នកជំងឺក្រីក្រ។ រូបថត៖ VOV

នៅមន្ទីរពេទ្យប្រជាជន Gia Dinh នៅថ្ងៃទី ៨ ខែកុម្ភៈ បានប្រព្រឹត្តទៅ "ផ្សារសូន្យដុង - និទាឃរដូវមេត្តាធម៌ បុណ្យតេតចែករំលែក" សម្រាប់អ្នកជំងឺសម្រាកព្យាបាលចំនួន ១៥០នាក់ដែលមានស្ថានភាពលំបាក និងប្រជាជនមានស្ថានភាពលំបាក់ចំនួន ៥០ នាក់នៅក្នុងសង្កាត់ Gia Dinh។ មនុស្សម្នាក់ៗបានទទួលកន្ត្រកមួយ ហើយបានទិញទំនិញដោយផ្ទាល់នៅស្តង់លក់ទំនិញសូន្យដុងចំនួន ១៥ ជាមួយនឹងឥវ៉ាន់ចាំបាច់ជាង ២០មុខ ដែលរួមចំណែកនាំមកនូវបរិយាកាសនិទាឃរដូវដ៏កក់ក្តៅ នៅក្នុងមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Vo Hong Minh Cong អនុប្រធានមន្ទីរពេទ្យប្រជាជន Gia Dinh បានមានប្រសាសន៍ថា៖ "មន្ទីរពេទ្យបានរៀបចំស្ថានីយ៍ចំនួនបួន។ ស្ថានីយ៍ទីមួយគឺជាស្ថានីយ៍វិចិត្តសិល្បៈ ស្ថានីយ៍ទីពីរគឺជាស្ថានីយ៍សម្ផស្ស ស្ថានីយ៍ទីបីគឺជាស្ថានីយ៍ល្បែងប្រជាប្រិយ ហើយស្ថានីយ៍ទីបួន គឺស្ថានីយ៍ផ្សារសូន្យដុង។ នៅផ្សារសូន្យដុង មន្ទីរពេទ្យ និងសប្បុរសជនបានឧបត្ថម្ភអ្នកជំងឺជាមួយនឹងផលិតផលប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេតប្រពៃណី"។

នៅមន្ទីរពេទ្យពហុព្យាបាល Thu Duc កម្មវិធី "ផ្សារសូន្យដុង" លើកទី ១៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈ បានផ្តល់ទំនិញចាំបាច់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ កម្មវិធីនេះគឺសម្រាប់អ្នកជំងឺដែលមានស្ថានភាពលំបាកចំនួន ៣០០នាក់ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយម្នាក់ៗទទួលបានប័ណ្ណទិញទំនិញចំនួន ១៤ ។ កម្មវិធីនេះបានចែកអំណោយជាង ៥.២០០ចំណែក។

នៅថ្ងៃទី ៨ ខែកុម្ភៈ នៅមន្ទីរពេទ្យកុមារលេខ ២ បានប្រព្រឹត្តទៅសកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយសម្រាប់អ្នកជំងឺកុមារក្រីក្រដែលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។ សប្បុរសជនបានបរិច្ចាគអំណោយចំនួន ២០០កញ្ចប់ រួមមាននំ ទឹកដោះគោ របស់របរប្រើប្រាស់ និងអាំងប៉ាវដែលមានតម្លៃសរុប ១ លានដុងក្នុងកុមារម្នាក់៕


top