នាយប់ថ្ងៃទី ២៣ ខែឧសភា នៅទីក្រុងហូជីមិញ មូលនិធិ "ថ្ងៃស្អែកចែងចាំងពន្លឺ" ជួយឧបត្ថម្ភអ្នកជំងឺមហារីក (ចំណុះមក្រសួងសុខាភិបាល) បានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈ ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ត្រា អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយដល់អ្នកជំងឺមហារីកក្រីក្រ (រូបថត៖ គីមយុង/VOV-TP.HCM)
នេះជាលើកដំបូងហើយដែលកម្មវិធីរៃអង្គាសថវិកាប្រចាំឆ្នាំរបស់មូលនិធិ "ថ្ងៃស្អែកចែង ចាំងពន្លឺ" ជួយឧបត្ថម្ភអ្នកជំងឺមហារីក ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ដែលគូសសញ្ញាខួបលើកទី ១៥ នៃការបង្កើត និងការអភិវឌ្ឍរបស់មូលនិធិ។ ក្នុងដំណើរនេះ អ្នកជំងឺមហារីកក្រីក្រជាង ៥៣.០០០ នាក់ បានទទួលជំនួយឧបត្ថម្ភពីការព្យាបាល ហើយថវិកាជាង ៥ ពាន់ពាន់លានដុង (ប្រហែល ១៩០ លានដុល្លារអាមេរិក) ត្រូវបានកៀរគរពីសហគមន៍ អាជីវកម្ម និងអង្គការជាតិនិងអន្តរជាតិ; ហើយមនុស្សជាង ៨០.០០០ នាក់ បានទទួលការពិនិត្យជំងឺមហារីកដោយឥតគិតថ្លៃ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធីថាញ់ ត្រាបានសង្កត់ធ្ងន់ថា អ្នកជំងឺមហារីកក្រីក្រជាច្រើន ក្នុងនោះមានអ្នកជំងឺជាកុមារ ដែលត្រូវការការជំនួយឧបត្ថម្ភសម្រាប់ការព្យាបាល។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជីវកម្ម សប្បុរសជន និងសហគមន៍ឱ្យចូលរួមគ្នា ដើម្បីកុំឱ្យអ្នកជំងឺមហារីកក្រីក្រណាម្នាក់ឯកោក្នុងការតស៊ូដណ្តើមជីវិតរស់; ដូច្នេះដើម្បីអ្នកជំងឺទាំងអស់ ជាពិសេសអ្នកជំងឺកុមារក្រីក្រ មានសិទ្ធិសង្ឃឹមសម្រាប់ថ្ងៃស្អែកដ៏ចែងចាំងពន្លឺ។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ មូលនិធិ "ថ្ងៃស្អែកចែងចាំងពន្លឺ" បានបន្តយុទ្ធនាការ" សប្បុរសធម៌រាប់លានសម្រាប់អ្នកជំងឺមហារីក" ក្នុងឆ្នាំ ២០២៦។ នៅក្នុងកម្មវិធីនេះ អាជីវកម្ម អង្គការ និងសប្បុរសជនជាច្រើនបានចូលរួមវិភាគទានជាសាច់ប្រាក់ ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រដល់មូលនិធិនេះ ដែលមានតម្លៃសរុបជិត ២.២៤០ ពាន់លានដុង (ប្រហែល ៨៥ លានដុល្លារអាមេរិក)៕