ព័ត៌មាន

ថវិកាចំ​នួន​ជាង ៣២ពាន់លានដុងដែលទទួលបានសម្រាប់ជួយ​ឧបត្ថម្ភជនពិការនិងកុមារកំព្រា

ពិធីរំលឹកខួបលើកទី ៣០ ឆ្នាំនៃការបង្កើតសមាគមន៍គាំពារជនពិការនិងកុមារកំព្រាវៀតណាម (២៥ មេសា ១៩៩២ - ២៥ មេសា ២០២២) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនារសៀលថ្ងៃទី ២៦ ខែមេសា។
  ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ ឆ្នាំនៃការបង្កើតសមាគមន៍គាំពារជនពិការ និងកុមារកំព្រាវៀតណាម។ (រូបថត៖ hanoimoi.com.vn)  

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំច្រើនជំនាន់នៃសមាគមន៍គាំពារជនពិការ និងកុមារកំព្រាវៀតណាម; ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ បុគ្គល និងអាជីវកម្មដែលបានបន្តរួមចំណែកក្នុងកិច្ចការថែទាំ និងជួយឧបត្ថម្ភជនពិការនិងកុមារកំព្រា ដោយហេតុនេះជួយមនុស្សរាប់សិបលាននាក់ដែលស្ថិតក្នុងស្ថានភាពលំបាកដើម្បីឈានឡើង ក្លាយជាមនុស្សមានអត្ថប្រយោជន៍។ បើតាមលោកឧបនាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះ ក្រៅពីការយកចិត្តទុកដាក់អំពីធនធានសម្ភារៈនោះ ជនពិការនិងកុមារកំព្រា ក៏ត្រូវការយកចិត្តទុកដាក់លើជីវភាពខាងស្មារតីផងដែរ។ ការអនុវត្តកម្មវិធីនិងសកម្មភាពជួយឧបត្ថម្ភដ៏សម្បូរបែប មានភាពបត់បែនជាង ដោយផ្តោតលើការអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីជួយសម្រេចបាននូវប្រសិទ្ធភាពយ៉ាងទូលំទូលាយ។ ទាក់ទងនឹងការកៀងគរប្រភពធនធាន សមាគមត្រូវកៀងគរការរួមវិភាគទានរបស់សង្គម ទាំងចំណេះដឹង ពេលវេលា គំនិត និងអារម្មណ៍។

ក្នុងរយៈពេល ៣០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ សមាគមន៍គាំពារជនពិការនិងកុមារកំព្រាវៀតណាម និងបណ្តាអង្គការសមាជិក បានជួយឧបត្ថម្ភក្នុងវិស័យជាច្រើនសម្រាប់ជនពិការ និងកុមារកំព្រាចំនួនជាង ២៥,៨ លាននាក់ ដែលមានប្រភពធនធានសរុបចំនួនជាង ៥.៣៨៥ ពាន់លានដុង។

ក្នុងពិធីនោះក៏បានប្រព្រឹត្តិទៅកម្មវិធី "បេះដូងមួយ-ពិភពលោកមួយ"។ តាមរយៈកម្មវិធីនេះ គណៈកម្មាធិ ការរៀបចំចង់បញ្ជូនសារដល់សង្គមទាំងមូលថា៖ មនុស្សគ្រប់គ្នាគួរតែធ្វើរឿងតូចតាច រួមវិភាគទានតូចតាច ដើម្បីបង្កើតក្តីស្រលាញ់ដ៏ធំធេង ជួយជនពិការធ្វើសមាហរណកម្មក្នុងសហគមន៍ ដើម្បីឲ្យគេប្រើប្រាស់បេះដូង និងខួរក្បាល លះបង់ដើម្បីជីវិត។ ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំទទួលបានថវិកាចំនួន ៣២ ពាន់លានដុងពីបុគ្គល អង្គការ និងអង្គភាពអាជីវកម្ម ដើម្បីឧបត្ថម្ភជនពិការ កុមារកំព្រា និងក្រុមងាយរងគ្រោះផ្សេងៗទៀត៕


top