ពេលពន្លឺព្រះអាទិត្យនៅតំបន់ភាគខាងលិច នៃភូមិភាគខាងត្បូងវៀតណាម ចែងចាំងចោលពន្លឺលើផ្ទៃទន្លេ បោះពន្លឺឆ្លងកាត់ចម្ការដូងត្រឈឹងត្រឈៃ នៃទឹកដីបេនត្រែកាលអតីត ដែលបច្ចុប្បន្នបានបង្រួបបង្រួមចូលជាខេត្តវិញឡុង នៅតែបន្តរក្សាសង្វាក់ផលិតតំណាប់តាមបែបប្រពៃណី ដែលបានផ្សារភ្ជាប់ជាមួយមនុស្សជាច្រើនជំនាន់។ ពីផ្ទះបាយតូចៗតាមដងព្រែក ក្លិនក្រអូបឈ្ងុយឈ្ងប់នៃដូងរំងាស់ជាមួយស្ករ បានភាយតាមខ្យល់តិចៗ ញ៉ាំងឱ្យនឹកដល់បរិយាកាសបុណ្យចូលឆ្នាំថ្មី ការជួបជុំក្រុមគ្រួសារ និងទិដ្ឋភាពជនបទដ៏សុខសាន្ត។
ពេលពន្លឺព្រះអាទិត្យនៅតំបន់ភាគខាងលិច នៃភូមិភាគខាងត្បូងវៀតណាម ចែងចាំងចោលពន្លឺលើផ្ទៃទន្លេ បោះពន្លឺឆ្លងកាត់ចម្ការដូងត្រឈឹងត្រឈៃ នៃទឹកដីបេនត្រែកាលអតីត ដែលបច្ចុប្បន្នបានបង្រួបបង្រួមចូលជាខេត្តវិញឡុង នៅតែបន្តរក្សាសង្វាក់ផលិតតំណាប់តាមបែបប្រពៃណី ដែលបានផ្សារភ្ជាប់ជាមួយមនុស្សជាច្រើនជំនាន់។ ពីផ្ទះបាយតូចៗតាមដងព្រែក ក្លិនក្រអូបឈ្ងុយឈ្ងប់នៃដូងរំងាស់ជាមួយស្ករ បានភាយតាមខ្យល់តិចៗ ញ៉ាំងឱ្យនឹកដល់បរិយាកាសបុណ្យចូលឆ្នាំថ្មី ការជួបជុំក្រុមគ្រួសារ និងទិដ្ឋភាពជនបទដ៏សុខសាន្ត។
តំណាក់កាលជ្រើសរើស និងបែងចែកប្រភេទដូង នៅសិប្បកម្មផលិតតំណាប់ដូងឯកជន Thanh Thanh (ឃុំ Luong Hoa ខេត្ត Vinh Long)។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ខេត្តបេនត្រែ បានគេស្គាល់តាំងពីយូរមកហើយថា ជាស្រុកកំណើតនៃដើមដូង ទីនេះដើមដូងមានវត្តមាននៅគ្រប់សកម្មភាពរស់នៅប្រចាំថ្ងៃ។ ចាប់ពីដើម ស្លឹក លលាដ៍ រហូតដល់ទឹក និងសាច់ដូង ទាំងអស់សុទ្ធតែបានប្រជាជនទាញយកមកបម្រើដល់ជីវភាពរស់នៅ។ ក្នុងនិន្នាការនោះ តំណាប់ដូង បានចាប់កំណើតឡើង ដូចជាកាដូដ៏សាមញ្ញមួយ ដែលបានចម្រាញ់ចេញពីប្រភពវត្ថុធាតុដើមដ៏សំបូរបែប និងវប្បធម៌ "មានអីប្រើហ្នឹង" របស់អ្នកស្រុកតំបន់ទន្លេ។
ដំណាក់កាលកែច្នៃបឋមវត្ថុធាតុដើមផ្លែដូងសម្រាប់ធ្វើតំណាប់។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
វត្ថុធាតុដើម សម្រាប់ធ្វើតំណាប់ ជាសាច់ដូងស្រុក ដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ពីចម្ការដូងមានអាយុកាលយូរឆ្នាំ។ ផ្លែដូងដែលយកមកប្រើប្រាស់មានសាច់ក្រាស់ ល្មម ទន់ល្មើយ មិនខ្ចីពេក ហើយក៏មិនចាស់ពេកដែរ។ សាច់ដូង បន្ទាប់ពីបានឆ្វៀលចេញពីលលាដ៍ នឹងបានយកទៅចិតជាសរសៃវែងៗ កោងបន្តិច រួចលាងជម្រះជាមួយទឹកស្អាតជាច្រើនដង ដើម្បីជម្រះជាតិប្រេង រក្សាបានពណ៌សធម្មជាតិ។ ដំណាក់កាល ដែលមើលទៅហាក់ដូចជាសាមញ្ញទាំងនេះ បែរជាទាមទារនូវភាពផ្ចិតផ្ចង់ និងបទពិសោធន៍របស់អ្នកធ្វើ។
នៅក្នុងផ្ទះបាយចង្រ្កានអុស ខ្ទះតំណាប់បានដាក់នៅលើចង្ក្រាន ដែលមានភ្លើងតិចៗ។ អ្នកធ្វើឈរក្បែរខ្ទះ ដោយភាពអត់ធ្មត់រង់ចាំកូរឱ្យសព្វដៃ ដើម្បីឱ្យស្ករជ្រាបចូលទៅក្នុងសរសៃដូងនីមួយៗ។ នៅពេលទឹកស្កររីងអស់ សរសៃតំណាប់ចាប់ផ្តើមស្ងួតបន្តិចម្តងៗ ដូងគ្របដណ្តប់ដោយស្រទាប់ស្ករសម៉ដ្តខៃ ជះក្លិនក្រអូបឈ្ងុយឈ្ងប់យ៉ាងពិសេស។ តំណាប់ដែលធ្វើបានល្អ នៅពេលដែលសរសៃដូងនីមួយៗ ញែកដាច់ពីគ្នា មានរាងកោងទន់ ស្ងួតល្អ និងរក្សាបាននូវរសជាតិផ្អែមស្រទន់។
ដំណាក់កាលកូរ (រម្ងាស់) តំណាប់ដូង ទាមទារឱ្យមានភាពហ្មត់ចត់ និងភាពប៉ិនប្រសប់ ដើម្បីកុំឱ្យដូងខ្លោច ដោយសារភ្លើងខ្លាំងពេក។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
តាមសម្តីរបស់លោកស្រី វ៉ធ្វី នៅឃុំយ៉ុងត្រោម ខេត្តវិញឡុង តំណាប់ដូងដែលឆ្ងាញ់បំផុត គឺនៅពេលដែលបានរំងាស់ដោយចង្ក្រានអុស។ ការត្រួតពិនិត្យពេលវេលា និងការកូរឱ្យសព្វដៃ ជួយឱ្យសរសៃដូងឆ្អិនល្មម មានភាពស្វិត និងទន់សមគួរ ព្រមទាំងមានពណ៌ស្មើគ្នា។ គ្រួសាររបស់លោកស្រី តែងតែធ្វើតំណាប់ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណី ដោយភាគច្រើនធ្វើតាមការកម្ម៉ង់របស់អ្នកជិតខាង និងម៉ូយចាស់ៗ។ ជាមធ្យមជារៀងរាល់ថ្ងៃ លោកស្រីប្រើប្រាស់សាច់ដូងប្រហែលពី ៣០ ទៅ ៥០ គីឡូក្រាម ដើម្បីធ្វើតំណាប់ផ្គត់ផ្គង់ទៅលើទីផ្សារ។
តំណាប់ដែលធ្វើរួចរាល់ ត្រូវបានថ្លឹង និងវេចខ្ចប់ ព្រមទាំងបិទស្លាកសញ្ញាយ៉ាងហ្មត់ចត់។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ទន្ទឹមនឹងតម្រូវការកាន់តែសម្បូរបែប តំណាប់ដូងនាពេលបច្ចុប្បន្នមិនត្រឹមតែមានពណ៌សប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានច្នៃប្រតិដ្ឋជាមួយនឹងពណ៌ធម្មជាតិជាច្រើនទៀត ដូចជា៖ ពណ៌បៃតងខ្ចីនៃស្លឹកតើយ ពណ៌លឿងទុំនៃផ្លែហ្គាក ពណ៌ស្វាយខ្ចីនៃមើមត្រាវ ពណ៌ត្នោតនៃកាហ្វេ និងកាកាវ។ សម្រស់ពណ៌ទាំងនោះ បានធ្វើឱ្យប្រភេទតំណាប់ដូង កាន់តែសម្បូរបែប ព្រមទាំងឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់របស់អ្នកផលិតផងដែរ។
ចេញពីផ្ទះបាយបែបលក្ខណៈគ្រួសារ តំណាប់ដូងបេនត្រែបានក្លាយជាផលិតផលតំណាងឱ្យមូលដ្ឋាន។ ភូមិរបរ និងមូលដ្ឋានផលិតកម្មបែបប្រពៃណីជាច្រើន នៅតែបន្តរក្សា "ភ្លើង" មុខរបរនេះយ៉ាងស្ងៀមស្ងាត់ បង្កើតមុខរបរ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជន។ ផលិតផលបានយកចិត្តទុកដាក់កាន់តែខ្លាំង លើរូបភាព ក្លាយជាកាដូដែលនាំយកនូវរសជាតិទឹកដីដូង ទៅកាន់តំបន់ផ្សេងៗជាច្រើន។
តំណាប់ដូង គឺជាមុខម្ហូបសម្រន់មួយ សម្រាប់ទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ញ៉ាំបណ្តើរក្រេបតែបណ្តើរ
និងជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅដើមឆ្នាំ ដែលជាលក្ខណៈវប្បធម៌ពិសេសនៃអ្នកស្រុកភាគនិរតី។
រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ការទទួលទានតំណាប់ដូងផ្អែមៗ ជាមួយតែមួយកែវក្តៅឧណ្ហៗ នៅពេលព្រឹកថ្ងៃបុណ្យចូលឆ្នាំ គឺជាទម្លាប់នៃមនុស្សជាច្រើន ដែលរស់នៅតំបន់ភាគនិរតី។
រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ក្នុងថ្ងៃដើមឆ្នាំ នៅពេលភ្ញៀវមកលេងផ្ទះ ម្ចាស់ផ្ទះតែងតែទទួលបដិសណ្ឋារៈដោយថាសនំ និងតំណាប់ ដែលក្នុងនោះមានចំណិតតំណាប់ដូងផ្អែមស្រទន់ ស្វិតល្មម ញ៉ាំបណ្តើរ ក្រេបទឹកតែបណ្តើរ និងជជែកគ្នាលេងយ៉ាងសប្បាយរីករាយនានិទាឃរដូវដើមឆ្នាំ។ នេះគឺជាសម្រស់វប្បធម៌ប្រពៃណីដែលបានប្រជាជនតំបន់ភាគខាងលិចនៃតំបន់ភូមិភាគខាងត្បូងវៀតណាម រក្សាទុក ដូចជាវិធីមួយនៃតំណាប់ដូងបេនត្រែផ្សារភ្ជាប់សេចក្តីស្រឡាញ់យ៉ាងស្ងៀមស្ងាត់ រាល់ពេលរដូវផ្ការីកឈានចូលមកដល់៕
- អត្ថបទ៖ សើនងៀ- រូបថត៖ សើនងៀ & ឯកសារ
- ប្រែសម្រួល៖ រីកើង