នៅលើកម្ពស់ជាង ៩០០ ម៉ែត្រ អាកាសធាតុប្រជាក់ពេញមួយឆ្នាំ ទីរួមស្រុក តាមដាវ (Tam Dao) មានសំណង់ជាច្រើនបានកសាងតាមស្ថាបត្យកម្មបារាំងរួមផ្សំនឹងម្ហូបអាហារពិសេសរបស់ប្រជាជនក្នុងស្រុក...
នៅលើកម្ពស់ជាង ៩០០ ម៉ែត្រ អាកាសធាតុប្រជាក់ពេញមួយឆ្នាំ ទីរួមស្រុក តាមដាវ (Tam Dao) មានសំណង់ជាច្រើនបានកសាងតាមស្ថាបត្យកម្មបារាំងរួមផ្សំនឹងម្ហូបអាហារពិសេសរបស់ប្រជាជនក្នុងស្រុក... នេះគឺជាកន្លែងទេសចរណ៍ដ៏ចាប់ចិត្តសម្រាប់ភ្ញៀវក្នុងស្រុកនិងក្រៅប្រទេសជាមួយប្រភេទទេសចរណ៍ជាច្រើន ដូចជាសម្រាកលំហែកាយ អេកូទេសចរណ៍ ផ្សងព្រេង ស្រាវជ្រាវ សាសនា ជំនឿ...
ទេសភាពទាំងស្រុងនៃទីរួមស្រុក តាមដាវ (Tam Dao) មើលពីខាងលើ
ទីរួមស្រុក តាមដាវ (Tam Dao) មានផ្ទៃដីជាង ២១៤ ហិចតា រួមមាន ២ ភូមិ (ភូមិទី ១ និងភូមិទី ២)។ ក្នុងនោះកន្លែងទេសចរណ៍ល្បីល្បាញភាគច្រើនស្ថិតក្នុងភូមិទី ១។ មណ្ឌលទេសចរណ៍ តាមដាវ (Tam Dao) បានហ៊ុំព័ទ្ធដោយព្រៃធម្មជាតិ ដូច្នេះអាកាសធាតុនៅទីនេះត្រជាក់ណាស់។ ធម្មជាតិបានផ្តល់ឲ្យទីរួមស្រុក តាមដាវ (Tam Dao) នូវទេសភាពស្រស់ស្អាតអស្ចារ្យ រ៉ូមែនទិច និងស្រមើស្រមៃក្នុងពពក។ ភ្ញៀវទេសចរណ៍ងាយស្រួលមើលឃើញទេសភាពពពកលើកំពូលភ្នំទាល ចុះវាលស្មៅពណ៌បៃតង ផ្កាគ្រប់ប្រភេទកំពុងរីកក្បែលផ្ទះជាច្រើនលើចង្កេះភ្នំ។ អារម្មណ៍ដំបូងនៅពេលមកដល់ ទីរួមស្រុក តាមដាវ (Tam Dao) គឺកន្លែងនេះ ដូចជា ប្រព័ន្ធ "ម៉ាស៊ីនត្រជាក់" ធម្មជាតិដ៏ធំសម្បើម គ្រប់គ្រងដោយស្ងប់ស្ងាត់ ផ្តល់ឱ្យទីរួមស្រុកមានបរិយាកាសចុះសម្រុង និងបរិសុទ្ធ។
តំបន់ទឹកធ្លាក់ បាក (Bac) ដែលមានទឹកជ្រោះលាក់ខ្លួននៅក្នុងភ្នំ ពពុះពណ៌សចែងចាំងពណ៌ប្រាក់ដូចសំពត់សូត្រមួយផ្ទាំងស្ថិតនៅលើចង្កេះភ្នំ ជាគោលដៅមួយដែលភ្ញៀវមិនអាចគួររំលងបាន។ ភ្ញៀវទេសចរអាចលេងកម្សាន្តក្នុងទឹកត្រជាក់ និងមានពេលវេលាសម្រាកលំហែកាយ និងថតរូបដ៏អស្ចារ្យ។
ស្ថិតនៅកណ្តាលទីរួមស្រុក តាមដាវ (Tam Dao) វិហារកាតូលិកកសាងពីថ្មមើលទៅដូចជាមនុស្សស្ងៀមស្ងាត់ឈរនៅកណ្តាលមេឃ និងផែនដី នៅលើចង្កេះភ្នំកណ្តាលព្រៃស្រល់។ ជាមួយនឹងលក្ខណៈពិសេសដ៏មានតម្លៃជាច្រើន វិហារកាតូលិកបុរាណបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅ ទីរួមស្រុក តាមដាវ (Tam Dao) ។
វិហារកាតូលិកថ្ម តាមដាវ (Tam Dao) ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩០៦ ចំនៅផ្លូវឡើងទៅភ្នំ ធៀនញី (Thien Nhi) ។ គ្រាដំបូងឡើយ នេះជាគំរូនៃផ្ទះខ្ពស់ពីដីប្រក់ស្លឹកដែលសង់ដោយជនជាតិបារាំង។ រហូតដល់ឆ្នាំ ១៩៣៧ វិហារកាតូលិកត្រូវបានសាងសង់ឡើងវិញយ៉ាងរឹងមាំដោយថ្ម តាមស្ថាបត្យកម្ម Gothic ។ នេះជាសំណង់មួយក្នុងបណ្ដាសំណង់ស្ថាបត្យកម្មបុរាណក្នុងទីរួមស្រុក តាមដាវ (Tam Dao) ដែលរួចផុតពីការបំផ្លិចបំផ្លាញនៃសង្គ្រាម។
ភ្ញៀវជាច្រើនស្គាល់វិហារកាតូលិកថ្មី ដោយដំបូលមានរាងដូចក្លោងទ្វារឋានសួគ៌ តាមដាវ (Tam Dao)។ មើលពីចម្ងាយ ក្លោងទ្វារឋានសួគ៌មើលទៅដូចជាឱបក្រសោបភ្នំ និងព្រៃនៃ តាមដាវ (Tam Dao) និងរសាត់ក្នុងពពក។
គោលដៅមួយទៀតដែលស្ទើរតែគ្រប់ភ្ញៀវទេសចរមកទេសចរណ៍មិនអាចរំលងបាន នៅពេលមកដល់ តាមដាវ (Tam Dao) គឺតំបន់កូវមៃ (Cau May) ដោយឈរនៅទីនេះភ្ញៀវអាចឃើញទេសភាពទាំងមូលនៃ តាមដាវ (Tam Dao) ដ៏សុខសាន្ត ។ ដើម្បីមកទីនេះ ភ្ញៀវទេសចរនឹងឡើងកាំជណ្តើរដែលគ្របដណ្តប់ដោយផ្កាឈូករ័ត្នព្រៃ។ ផ្កាឈូករ័ត្នព្រៃនៅទីនេះមិនច្រើនដូចទីក្រុង ដាឡាត (Da Lat) ទេ ប៉ុន្តែវាស្រស់ស្អាត និងមានលក្ខណៈធម្មជាតិ។ ផ្កានីមួយៗមានពណ៌លឿង បញ្ចេញពន្លឺដូចកាំរស្មីនៃព្រះអាទិត្យតូចមួយនៅកណ្តាលរដូវរងារ លើវាលស្មៅពណ៌បៃតងស្រងាត់។ ប្រសិនបើអ្នកមានសំណាង ដែលបានមកទីនេះនៅថ្ងៃដែលមានពពក និងអ័ព្ទច្រើន អ្នកនឹងមានអារម្មណ៍ថា អ្នកបានសម្របខ្លួនក្នុងលំហដ៏អាថ៌កំបាំង មានអារម្មណ៍ដូចជាឈរនៅកណ្តាលសមុទ្រពពក។
ស្ពាន កូវមៃ (Cau May) គ្រាន់តែជាស្ពានដែលត្បាញដោយឫស្សី ប៉ុន្តែវារឹងមាំណាស់។ នៅតាមសងខាងផ្លូវនាំទៅកាន់ស្ពាន គេដាំផ្កាឈូតរ័ត្នព្រៃ និងផ្កាកូស្មូ ដើមត្រែងពណ៌លឿងខ្ចី។ បច្ចុប្បន្ន ស្ពាននេះបានដំឡើងកៅអីប៉ាក់ប៉ើកដែលរចនាតាមសំបុកបក្សីដ៏ស្រស់ស្អាតជាងមុន និងជណ្តើរឡើងទៅឋានសួគ៌។ ស្ពាន កូវមៃ (Cau May) គឺពិតជាកន្លែងថតរូបដែលមិនគួររំលងពេលមកដល់ តាមដាវ (Tam Dao) ។
មកដល់មណ្ឌលទេសចរណ៍ តាមដាវ (Tam Dao) ភ្ញៀវនឹងមានអារម្មណ៍ថាមានបួនរដូវក្នុងមួយថ្ងៃ។ នៅពេលព្រឹក ទីនេះមានអាកាសធាតុត្រជាក់បន្តិចដោយខ្យល់និទាឃរដូវ ថ្ងៃត្រង់អាកាសធាតុក្តៅដូចក្នុងរដូវក្តៅ រសៀលអាកាសធាតុត្រជាក់បន្តិចដូចក្នុងរដូវស្លឹកឈើជ្រុះដ៏រ៉ូមែនទិក ហើយអាកាសធាតុ តាមដាវ (Tam Dao) នៅពេលយប់ត្រជាក់ដូចក្នុងរដូវរងា។
បានចាត់ទុកដូចជា “ដាឡាត (Da Lat) ភាគខាងជើង" តាមដាវ (Tam Dao) មានអត្ថប្រយោជន៍ដ៏អស្ចារ្យជាមួយនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ រដូវកាលនីមួយៗនៃ តាមដាវ (Tam Dao) នឹងនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ និងអារម្មណ៍ប្លែកៗ។ កន្លែងនេះជាកន្លែងទេសចរណ៍ ពេញនិយមជាយូរមកហើយ ដែលបានជ្រើសរើសដោយមនុស្សជាច្រើនសម្រាប់វិស្សមកាលរបស់ពួកគេ./.
បច្ចុប្បន្ននេះ ទីរួមស្រុក តាមដាវ (Tam Dao) មានមណ្ឌលសម្រាកលំហែកាយស្អាតៗជាច្រើន សម្រាប់ភ្ញៀវស្នាក់នៅ។
ចម្ងាយត្រឹមតែ ៨០ គីឡូម៉ែត្រពីរដ្ឋធានី ហាណូយ (Ha Noi) ទីរួមស្រុក តាមដាវ (Tam Dao) មានទីតាំងងាយស្រួលទាក់ទាញភ្ញៀវទេសចរមកពីហាណូយ (Ha Noi) និងខេត្តជុំវិញ ភ្ញៀវអាចធ្វើដំណើរទៅកាន់ទីរួមស្រុក តាមដាវ (Tam Dao) ដោយម៉ូតូ រថយន្តទេសចរណ៍ ឬឡានក្រុង។
បើសិនជាភ្ញៀវធ្វើដំណើរទៅកាន់ តាមដាវ (Tam Dao) ដោយខ្លួងឯង ដោយម៉ូតូ ឬឡានក្រុង៖ ចេញពីរដ្ឋធានី ហាណូយ (Ha Noi) តាមផ្លូវ ថាំងឡុង - ណូយបាយ (Thang Long - Noi Bai) បត់តាមទិសទៅ ភូកអៀន- វិញអៀន (Phuc Yen - Vinh Yen)។
ទៅ តាមដាវ (Tam Dao) ដោយឡានក្រុង៖ អ្នកអាចកក់សំបុត្រឡានក្រុងរបស់ក្រុមហ៊ុន Limousine ដែលធ្វើដំណើរពី ហាណូយ (Ha Noi) - តាមដាវ (Tam Dao) ឬជិះឡានក្រុងនៅចំណតរថយន្តក្រុង មីឌីញ (My Dinh) ប៉ុន្តែដើម្បីទិញសំបុត្រនៅចំណតរថយន្តក្រុង មីឌីញ (My Dinh) ភ្ញៀវគួរតែមើលម៉ោងឡានចេញជាមុនសិន ដោយសារតែមានឡានក្រុងយ៉ាងតិចដែលចេញទៅទីរួមស្រុក តាមដាវ (Tam Dao) ។
ដំណើរកំសាន្តនៅទីរួមស្រុក តាមដាវ (Tam Dao)៖ មណ្ឌលទេសចរណ៍ តាមដាវ (Tam Dao) មានទំហំតូចទីតាំងទស្សនាក្នុងទីរួមស្រុកនៅជិតៗគ្នា ដូច្នេះភ្ញៀវទេសចរភាគច្រើនដើរ កម្សាន្តពីកន្លែងមួយ ទៅកន្លែងមួយនិងទស្សនាទីរួមស្រុក។អត្ថបទ៖ វីថាវ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង