អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងបណ្ដាប្រតិភូនៅក្នុងជំនួប។ (រូបថត៖ TTXVN)
ថ្លែងនៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលពិភពលោកកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរយ៉ាងស៊ីជម្រៅដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល តួនាទីរបស់សហគមន៍បញ្ញាវន្តវៀតណាមនៅបរទេស កាន់តែមានសារៈសំខាន់ ជាពិសេសនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យវិទ្យាសាស្ត្រដូចជាប្រទេសជប៉ុន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យតំណាងនានាផ្តោតលើការរួមចំណែក និងផ្ដល់អនុសាសន៍គោលនយោបាយស្តីពីការពង្រឹងការតភ្ជាប់រវាងរដ្ឋ-សហគ្រាស-សាលារៀន ដើម្បីទាក់ទាញគម្រោងជាច្រើនទៀតដែលមានសមាមាត្របច្ចេកវិទ្យានិងតម្លៃបន្ថែមខ្ពស់ពីសហគ្រាសជប៉ុន; ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់នៅវៀតណាម ក៏ដូចជាបង្កើនការតភ្ជាប់សហគ្រាសរវាងប្រទេសទាំងពីរ។ លើសពីនេះ ស្នើឲ្យមានដំណោះស្រាយដើម្បីពង្រីកបណ្តាញតភ្ជាប់អ្នកជំនាញវៀតណាម និងជប៉ុន ឲ្យក្លាយជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យដែលជប៉ុនមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ ដូចជា នវានុវត្តន៍ បច្ចេកវិទ្យាអវកាស បញ្ញាសិប្បនិម្មិត ស៊ឺមីកុងឌុចទ័រ កង់ទិច វិទ្យាសាស្ត្រសមុទ្រ (សេដ្ឋកិច្ចសមុទ្រ) បច្ចេកវិទ្យាឌីជីថល ការធ្វើអាជីវកម្មនិងអភិវឌ្ឍន៍រ៉ែដ៏កម្រ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជីវវិទ្យាទំនើប ក៏ដូចជាដំណោះស្រាយដើម្បីបង្កើនផលិតភាពការងារ និងធានាបាននូវការប្រកួតប្រជែងជាតិផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម។ (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ តំណាងអ្នកជំនាញ និងបញ្ញវន្តវៀតណាមក្នុងវិស័យស៊ឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត កង់ទិច រ៉ូបូត និងជីវវេជ្ជសាស្ត្រ បានបង្ហាញគំនិត ស្នើគំរូសហប្រតិបត្តិការ ហើយបានសម្តែងគោលបំណងចង់រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងយុគសម័យថ្មី៕