មិត្តភក្តិជាមួយនឹងវៀតណាម

ដំណើរបេតិកភណ្ឌនៅ "ផ្ទះរួម" នៃ៥៤ជនជាតិវៀតណាម

គណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នក​តំណាង​ ប្រធានស្ថាប័ន​នានា​ និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ​វៀតណាម។

គណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នក​តំណាង​ ប្រធានស្ថាប័ន​នានា​ និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ​វៀតណាម។

កម្មវិធីនេះ ​បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសម្រស់ប្រទេសជាតិ មនុស្សជាតិ និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិ។ នៅទីនេះ បណ្តាអ្នកការទូតបានធ្វើដំណើរស្វែងយល់ ចាប់ពីតំបន់ភ្នំភាគខាងជើង រហូតដល់តំបន់ដីសណ្ដទន្លេភាគខាងត្បូង ដោយ​មាន​អារម្មណ៍ដឹង​យ៉ាងច្បាស់នូវ "សាមគ្គីភាពក្នុងភាពចម្រុះ" នៃខឿន​វប្បធម៌វៀតណាម។

គណៈប្រតិភូនៃស្ថាប័នការទូត ទស្សនាស្ថាបត្យកម្មនៃបណ្តុំប្រាសាទចាម។ រូបថត៖ ឡាម​សឺន
ភ្ញៀវអន្តរជាតិរួមគ្នាពិសោធន៍របរធ្វើកុលាលភាជន៍បាវ​ត្រុក របស់ជនជាតិចាម - ដែលជាបេតិកភណ្ឌវប្បធម៌អរូបី បានអង្គការ​ UNESCO ចុះក្នុងបញ្ជីត្រូវការការការពារបន្ទាន់។ រូបថត៖ ឡាម​សឺន​ 

ការធ្វើ​ដំណើរនេះ បានចាប់ផ្ដើមនៅលំហភូមិជនជាតិមឿង (Muong)។ ភ្ញៀវអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថាបត្យកម្មផ្ទះរត ដែលមានដំបូលរាងដូចស្នូក​​​  អណ្តើក​ ផ្សារភ្ជាប់នឹងរឿងនិទាន "ការបង្កើតទឹក​ បង្កើតដី"។ មិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ឯកអគ្គរដ្ឋទូតទាំងឡាយថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ដូចជាការត្បាញធ្វើសិប្បកម្ម តម្បាញសំពត់​ និងរីករាយជាមួយសិល្បៈសម្តែងប្រជាប្រិយ។ ស្នាមញញឹមដ៏ស្រស់ស្រាយ បានលេចឡើងនៅពេលដែល​បណ្តាអ្នកការទូត បានចូលរួមរាំរបាំក្រាប​ និងបោះឈូង នៅទីធ្លាផ្ទះរត​។

ជនជាតិ សឺដាំង​ ណែនាំឧបករណ៍តន្ត្រីប្រពៃណី ដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ ឡាម​សឺន​
 

បន្ទាប់ពីចាកចេញពីលំហវប្បធម៌ជនជាតិ​មឿង គណៈប្រតិភូបានបន្តទៅកាន់ភូមិជនជាតិ សឺដាំង។ នៅទីនេះ សម្លេងរំពងនៃឧបករណ៍តន្ត្រីទ័ររឹង និងខ្លងពុត បានទាក់ទាញចិត្តអ្នក​ទស្សនា​។ បងប្អូនជនជាតិសឺដាំង បានណែនាំយ៉ាងយកចិត្តទុកដាក់ដល់ភ្ញៀវ នូវរបៀបប្រើប្រាស់ឧបករណ៍តន្ត្រីធ្វើពីឫស្សី បង្កើតបានជាលំហនៃការផ្លាស់ប្តូរសិល្បៈគ្មាន​ព្រំដែន​។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទ្រិញ​ ធី​ធ្វី រួមជាមួយអ្នកការទូតអន្តរជាតិ ស្វែងយល់ពីវប្បធម៌ជនជាតិមឿង​។ រូបថត៖ ឡាម​សឺន
 

ចំណុចលេចធ្លោបន្ទាប់ គឺតំបន់វត្តខ្មែរ និង​បណ្តុំប្រាសាទចាម​។ ប្រតិភូទាំងឡាយ បាន​សម្រប​ខ្លួន ក្នុងលំហ "ពណ៌សម្បុរវប្បធម៌វិញឡុង" ជាមួយ​នឹង​ប្រភេទ​សិល្បៈបេតិកភណ្ឌ​ដូចជា ចម្រៀង​ចាប៉ី ការច្រៀងសាក់ប៊ួភូឡេ ឬចង្វាក់​រាំវង់​យ៉ាងទន់ភ្លន់​។ ជាពិសេស សិល្បៈស្មូនដីនៅបៅត្រុក (បេតិកភណ្ឌដែលបានទទួលស្គាល់ដោយអង្គការ UNESCO) បានធ្វើឱ្យភ្ញៀវជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានប៉ះដីឥដ្ឋផ្ទាល់ដៃ និងសាកល្បងសូនរូបក្អមឆ្នាំង ក្រោមការណែនាំ​ពីសិប្បករ។

គណៈ​ប្រតិភូ​អន្តរជាតិ​ចូល​ចិត្ត​ផលិតផល​ដែល​ធ្វើ​ដោយដៃ​ ក្នុង​សកម្មភាព​ពិសោធន៍​តម្បាញ​ស្លឹកដូង​បែប​ប្រពៃណី​នៅ​ខេត្ត​ត្រាវិញ​ (ចាស់)។ រូបថត៖ ឡាម​សឺន​
 

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានចម្លង​វប្បធម៌ដ៏សំខាន់ រួមចំណែកពង្រឹងចំណងមិត្តភាព រវាងវៀតណាម និងបណ្តាប្រទេស និងអង្គការនានាលើពិភពលោក។ តាមរយៈនោះ រូបភាពនៃប្រទេសវៀតណាមមួយ ដែលសម្បូរទៅដោយអត្តសញ្ញាណ ភាពរស់រវើក និងស្រឡាញ់សន្តិភាព បានបន្សល់ទុកនូវចំណាប់អារម្មណ៍ មិនអាចបំភ្លេចបានក្នុងចិត្តមិត្តភក្តិ​អន្តរជាតិ៕

អត្ថបទ និងរូបថត៖ ឡាម​សឺន​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top