ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏ល្អប្រសើររវាងសិង្ហបុរីនិងវៀតណាម

នេះគឺជាលើកទីមួយហើយដែលសិង្ហបុរីទទួលស្វាគមន៍ថ្នាក់ដឹក នាំបរទេសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្ដើមផ្ទុះឡើងនៅដើមឆ្នាំ ២០២០ មក។

 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ TTXVN)

គេហទំព័រព័ត៌មាន Channelnewsasia.com នាថ្ងៃទី ២២ ខែកុម្ភៈ បានចុះផ្សាយព័ត៌មានថា ក្រសួងការបរទេសសិង្ហបុរី (MFA) បានប្រកាសថា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ប្រធានាធិបតីសិង្ហបុរី Halimah Yacob។ នេះគឺជាលើកទីមួយហើយដែលសិង្ហបុរីទទួលស្វាគមន៍ថ្នាក់ដឹកនាំបរទេសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩បានចាប់ផ្ដើមផ្ទុះឡើងនៅដើមឆ្នាំ ២០២០ មក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី Halimah Yacob នាថ្ងៃទី ២៥ ខែកុម្ភៈ  បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី Lee Hsien Loong នឹងរួមធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងសិង្ហបុរីនិងវៀតណាម។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏នឹងមានបទថ្លែងសុន្ទរកថាសំខាន់មួយនៅឯកិច្ចសន្ទនាធុរកិច្ចសិង្ហបុរី-វៀតណាមផងដែរ។

ក្រសួងការបរទេសសិង្ហបុរីបានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងសារជាថ្មីអំពី “ទំនាក់ទំនងដ៏ល្អប្រសើរ” រវាងសិង្ហបុរីនិងវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣ ផងដែរ៕


top